(រ៉ូម៉ានី)៖ នាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Victor Ponta នឹងចុះចេញពីតំណែងប្រធានគណបក្សសង្គម​ប្រជាធិបតេយ្យ រហូតដល់ព្រះរាជអាជ្ញាបញ្ចប់ការស៊ើបអង្កេត ក្នុងករណីព្រហ្មទណ្ឌមួយ ប្រឆាំងនឹងរូបលោក នេះបើយោងតាមការចុះផ្សាយរបស់ CNN ចេញផ្សាយនៅថ្ងៃនេះ។

លោក Victor Ponta បានថ្លែងឲ្យដឹងថា តុលាការបានចោទប្រកាន់លោកថា បានការក្លែងបន្លំ ការលាងលុយកខ្វក់ ការគេចវេសពន្ធ នៅមុនពេលដែលលោកឡើងធ្វើជានាយករដ្ឋមន្ត្រី ហើយការ​ចោទ​ប្រកាន់នេះ ត្រូវបានលោកមើលឃើញថា ជានយោបាយរបស់បក្សប្រឆាំងដើម្បីទម្លាក់រូបលោកពីតំណែង។

លោកបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះ លោកនឹងចូលរួមជាមួយអង្គភាពប្រឆាំងអំពើពុក​រលួយ និងតុលាការ ហើយលោករីករាយក្នុងការផ្ដល់ចម្លើយ គ្រប់បែបយ៉ាងនៅក្នុងសវនាការ៕