(ភ្នំពេញ)៖ ធនាគារពាណិជ្ជវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) និងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ បានរៀបចំកម្មវិធីថ្លែងអំណរគុណអតិថិជន ក្នុងឱកាសរំលឹកខួបគំរប់ ២០ឆ្នំានៃ ធនាគារ BIDV បានផ្លាស់ប្ដូររចនាសម្ព័ន្ធប្រតិបត្ដិការមកជាធនាគារពាណិជ្ជ ដោយបានធ្វើសមាហរណកម្មទៅក្នុង ទីផ្សារហិរញ្ញវត្ថុអន្ដរជាតិ និងពិធីរំលឹកខួប ០៦ ឆ្នាំនៃការបង្កើតធនាគារ BIDC ។

កម្មវីធីនេះបានប្រព្រឹត្ដទៅប្រកបដោយមោទនភាព និងភាពកិត្ដិយស ដោយមានការអញ្ជើញចូលរួម ជាភ្ញៀវកិត្ដិយសពីសំណាក់ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រីរ ដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា លោក មិនឃិន លោកស្រ៊ី ថាមរ៉ុង រដ្ឋមន្ដ្រីអមនាយរដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ថាច់ យឺ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចំានៅកម្ពុជា និងភ្ញៀវកិត្ដិយសជាច្រើនរយនាក់ទៀត។

ព្រឹត្ដិការណ៍ថ្លែងអំណរគុណអតិថិជន របស់ BIDV/BIDC បានបង្ហាញចេញនូវវប្បធម៌ទំនាក់ទំនង ល្អប្រព្រៃរបស់ BIDV/BIDC ដើម្បីសំដែងនូវការអរគុណចំពោះជួយជ្រំជ្រែងពីសំណាក់ ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាលកម្ពុជា និងអតិថិជនទាំងអស់របស់ BIDV/BIDC ក្នុងរយៈពេលកន្លងមកនេះ។

ធនាគារ BIDV ត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៥៧ នៅពេលចាប់ផ្ដើមដំបូងជាធនាគារ ដែល មានមុខងារបែងចែកធនធានទុន ដែលជាថិវិការបស់រដ្ឋាភិបាល ហើយរហូតមកដល់ឆ្នាំ ១៩៩៥ ធនាគារ BIDV បានផ្លាស់ប្ដូររចនាសម្ព័ន្ធប្រតិបត្ដិការ មកជាធនាគារពាណិជ្ជវិញ និងមានការរីកចំរើនគួរជាទីកត់សម្គាល់។

បច្ចុប្បន្ននេះទ្រព្យសរុបរបស់ BIDV កើនទ្បើងដល់ ៣៥ពាន់លានដុលា្លរអាមេរិក ស្ថិតក្នុងចំនោម៤ ធនាគារធំបំផុត នៅក្នុងប្រទេសវៀតណាម ។ ចំពោះធនាគារ BIDCវិញ គិតមកត្រឹមខែ មិថុនា ឆ្នាំ ២០១៥ ធនាគារ BIDC មានទ្រព្យសរុប កើនទ្បើងដល់ ៦២០ លានដុល្លារអាមេរិក កើនទ្បើង៣,២ដងធៀបនឹងឆ្នាំ ២០០៩ ឥទានសរុប ដែលបានផ្ដល់ប្រមាណជិត ៥០០លានដុលា្លរអាមេរិក កើនទ្បើង៣,៥ដងធៀបនឹងឆ្នាំ ២០០៩ ហើយប្រាក់បញ្ញើរបស់អតិថិជន ក្នុងស្រុកមានចំនួន២២០ លានដុល្លារ អាមេរិក កើន២,៣ដងធៀបនឹងឆ្នាំ២០០៩ ។

សូមបញ្ជាក់ថា តាំងពីបង្កើតទ្បើងនៃធនាគារ BIDC ដែលមានហិរញ្ញវត្ថុដ៏រឹងមាំមួយនេះ មានស្នាក់ការរដំបូង នៅតែរាជធានីភ្នំពេញតែប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ BIDC មានសាខាចំនួន៨ នៅតំបន់សេដ្ឋកិច្ចសំខាន់ៗនៃប្រទេសកម្ពុជា និងវៀតណាម ដោយបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាធនាគារទំនើបទាន់សម័យ៕.