(កោះកុង)៖ តាមការគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង នឹងអាចបើកដំណើរការសាកល្បងនៅខែធ្នូ ឆ្នាំ២០២១នេះ ប៉ុន្ដែដោយសារ បញ្ហាយឺតយ៉ាវមួយចំនួន ធ្វើឲ្យអាកាសយានដ្ឋានអន្តរជាតិមួយនេះ ត្រូវពន្យារពេលបើកដំណើរការសាកល្បង នៅចុងត្រីមាសទី១ ឆ្នាំ២០២២ ខាងមុខ។
នេះបើតាមបញ្ជាក់ឲ្យដឹងពី លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា តាមពិតអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងបញ្ចប់ការសាងសង់ នៅចុងខែតុលា ហើយគ្រោងបើកដំណើរការសាកល្បងនៅខែធ្នូ ឆ្នាំ២០២១នេះ ប៉ុន្តែពេលនេះត្រូវពន្យារពេលដំណើរការសាកល្បងរហូតដល់ដើមឆ្នាំ២០២២វិញ ឬក្នុងត្រីមាសទី១ ឆ្នាំ២០២២។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ការពន្យារពេលបើកដំណើរការសាកល្បងនេះ ដោយសារតែក្រោយការវាយតម្លៃ ត្រួតពិនិត្យចុងក្រោយរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មើលឃើញថា៖
* ទី១៖ មានការងារខ្លះ នៅសេសសល់ ដែលក្រុមហ៊ុន ត្រូវការពេលវេលាបន្ថែមទៀតក្នុងការបំពេញ ដូចជាការផ្តល់ព័ត៌មាន និងឯកសារពាក់ព័ន្ធនឹងសុវត្ថិភាព មុននឹងអាកាសចរស៊ីវិលចេញលិខិតបញ្ជាក់ទទួលស្គាល់ និងផ្សព្វផ្សាយជាផ្លូវការ។
* ទី២៖ មានការរីករាលដាលឆ្លងជំងឺកូវីដ-១៩ កម្រិតមធ្យម នៅក្នុងការដ្ឋានសាងសង់ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌរួច ធ្វើឲ្យដំណើរការសាងសង់ ត្រូវបានពន្យារពេលជិតមួយខែ។
លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា «ក្រុមហ៊ុនសាងសង់ត្រៀមខ្លួនរួចអស់ហើយ ប៉ុន្តែតាមការត្រួតពិនិត្យ និងវាយតម្លៃរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គាត់អាចត្រូវការពេលវេលាបន្ថែមបន្តិចទៀត ដើម្បីបើកប្រតិបត្តិការសាកល្បង។ អីចឹងផែនការបើកអាចធ្វើនៅចុងខែធ្នូនេះ នឹងត្រូវរំកិលទៅដើមឆ្នាំក្រោយ ក្នុងចុងត្រីមាសទី១»។
បើតាមការបញ្ជាក់ របស់តំណាងក្រុមហ៊ុន Tianjin Union Development Group (UDG) ព្រលានយន្ដហោះអន្តរជាតិតារាសាគរ បច្ចុប្បន្នគម្រោងសាងសង់ព្រលានយន្ដហោះ សម្រេចការសាងសង់៩៥ភាគរយហើយ ខណៈដំណើរការសាកល្បងអាចនឹងធ្វើឡើងនៅត្រីមាសទី១ ឆ្នាំ២០២២។ ប្រសិនបើការសាកល្បង ទទួលបានជោគជ័យ អាកាសយានដ្ឋានតារាសាគរនេះ នឹងអាចបើកការហោះហើរផ្លូវការ នៅពាក់កណ្ដាល ឆ្នាំ២០២២ ហើយចំពោះអគារនៃអាកាសយានដ្ឋានវិញ អាចមានលទ្ធភាពទទួលអ្នកដំណើរ ចេញ-ចូល និងឆ្លងកាត់ជិត១លាននាក់ក្នុងមួយឆ្នាំ។
ក្នុងជំនួបពិភាក្សាគ្នារវាងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះតារាសាគរ និងលោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ លោករដ្ឋមន្ត្រី បានជំរុញក្រុមហ៊ុនពន្លឿននូវការសាងសង់ ព្រលានយន្តហោះនេះ ឲ្យបានឆាប់រហ័ស ដើម្បីឈានទៅបើកជើងហោះហើរក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ជាពិសេសតភ្ជាប់ពីខេត្តសៀមរាប ដែលនឹងចាប់ផ្តើមដំណើរការក្នុងពេលខាងមុខនេះ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើទំហំទឹក ប្រាក់២០០លានដុល្លារ (តំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់វិស័យទេសចរណ៍៕