(ប៉េកាំង)៖ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានថ្លែងថា សេដ្ឋកិច្ចចិនប្រឈមនឹងសម្ពាធធ្លាក់ចុះថ្មីៗ ហើយចាំបាច់ត្រូវកាត់បន្ថយពន្ធ និងប្រាក់កម្រៃសេវាផ្សេងៗ ដើម្បីដោះស្រាយបញ្ហាដែលប្រឈមដោយក្រុមហ៊ុនធុនតូច និងធុនមធ្យម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក Li មិនបានបញ្ជាក់ពីវិសាលភាពនៃសម្ពាធធ្លាក់ចុះនេះ ឬបុព្វហេតុដែលបង្ករឱ្យមានសម្ពាធនេះឡើយ ប៉ុន្តែមន្ត្រីចិនជាទូទៅប្រើប្រាស់ឃ្លា “សម្ពាធធ្លាក់ចុះ” ដើម្បីសំដៅដល់ការថមថយកំណើនសេដ្ឋកិច្ច។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់និយ័តករទីផ្សារកំពូលមួយរបស់ចិន លោកនាយករដ្ឋមន្ត្រីចិនបានថ្លែង សេដ្ឋកិច្ចចាំបាច់ត្រូវកែសម្រួល ដើម្បីបន្តដើរទៅមុខនៅក្នុងកម្រិតសមស្របមួយ ដែលការលើកឡើងរបស់លោកនេះមានការពាក់ព័ន្ធនឹងវិធានការសារពើពន្ធ និងរូបិយវត្ថុដែលមានលក្ខណៈអភិរក្សខ្លាំង ដែលផ្តោតលើចក្ខុវិស័យរយៈពេលវែងជាងលទ្ធផលកំណើនសេដ្ឋកិច្ចភ្លាមៗ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា សេដ្ឋកិច្ចចិនបាននិងកំពុងថមថយសន្ទុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារវិធានការរបស់ទីក្រុងប៉េកាំងទប់កំណើនក្នុងវិស័យអចលនទ្រព្យ។ ការលើកឡើងរបស់លោក Li ធ្វើឡើងបន្ទាប់ពីមានសញ្ញាចុះខ្សោយសេដ្ឋកិច្ចបន្ថែមទៀតនៅក្នុងខែតុលា ដោយសារការខ្វះខាតថាមពល ដែលបានប៉ះពាល់ដល់វិស័យផលិតកម្ម និងការគ្រប់គ្រងវីរុសកូរ៉ូណាតឹងរ៉ឹង ដែលបានប៉ះពាល់ដល់ការចំណាយនៅថ្ងៃបុណ្យឈប់សម្រាក។

លោក Bruce Pang ប្រធានផ្នែកស្រាវជ្រាវម៉ាក្រូនិងយុទ្ធសាស្រ្តនៅក្រុមហ៊ុន China Renaissance Securities Hong Kong Ltd ថ្លែងប្រាប់ Bloomberg ថា៖ «ឥឡូវនេះមិនមានកត្តាកំណើនច្បាស់លាស់ទេ ដូច្នេះរដ្ឋាភិបាលកំពុងសម្លឹងរកមើលកត្តាកំណើនណាមួយ។ ការវិនិយោគរបស់ក្រុមហ៊ុនធុនតូច អាចផ្តល់ជាប្រភពកំណើនប្រកបដោយសុខភាពល្អ រយៈពេលកាន់តែវែង ធៀបនឹងការវិនិយោគរបស់រដ្ឋាភិបាល ឬការវិនិយោគក្នុងវិស័យអចលនទ្រព្យ»

លោក Pang ថ្លែងទៀតថា អាជ្ញាធរចិននឹងលើកទឹកចិត្តដល់ធនាគារឱ្យផ្តល់កម្ចីបន្ថែមដល់ក្រុមហ៊ុនធុនតូច កាត់បន្ថយពន្ធ និងថ្លៃសេវាសម្រាប់ពួកគេ ហើយកែសម្រួលនីតិវិធីរដ្ឋបាលឱ្យមានភាពសាមញ្ញ ដើម្បីលើកទឹកចិត្តសហគ្រិនឱ្យវិនិយោគបន្ថែមទៀត៕