(ស៊ីដនី)៖ សហរដ្ឋអាមេរិក និងទីភ្នាក់ងារថាមពលអន្តរជាតិ នៅថ្ងៃអង្គារសប្តាហ៍នេះ បានជំរុញឱ្យប្រទេសនៅអាស៊ី ធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួន សម្រាប់ថាមពល និងរ៉ែសំខាន់ៗ ដូច្នេះ ប្រទេសទាំងនេះ មិនពឹងផ្អែកលើប្រទេសនានាដូចជាចិន និងរុស្ស៊ីនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Fatih Birol នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និងលោកស្រី Jennifer Granholm រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក បានឱ្យដឹងថា វិបត្តិថាមពលបច្ចុប្បន្ន ដែលផ្តើមចេញពីការដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ី គួរតែជំរុញឱ្យបណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើការផ្លាស់ប្តូរឆ្ងាយ ចេញពីឥន្ធនៈហ្វូស៊ីល។
ទោះជាយ៉ាងណា ការធ្វើដូច្នេះនឹងតម្រូវឱ្យតំបន់នេះ ងាកចេញពីការពឹងផ្អែកលើប្រទេសចិន សម្រាប់បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ និងប្រទេសផ្សេងទៀត ដូចជាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងរុស្ស៊ី សម្រាប់សារធាតុរ៉ែសំខាន់ៗ ដែលត្រូវការសម្រាប់រថយន្តអគ្គិសនី និងអាគុយ។
លោកស្រី Granholm បានថ្លែងនៅឯវេទិកាថាមពលស៊ីដនីថា «យើងចង់ធ្វើឱ្យប្រាកដថា យើងមិនមែនជាប្រជាជាតិនៅក្រោមការគ្រប់គ្រង របស់មេដឹកនាំផ្តាច់ការ នៅក្រោមការគ្រប់គ្រងរបស់អ្នក ដែលមិនផ្តោតលើគុណតម្លៃដូចយើង នៅក្រោមការគ្រប់គ្រងរបស់អ្នក ដែលចង់គ្រប់គ្រងទិដ្ឋភាពយុទ្ធសាស្ត្រ នៃខ្សែចង្វាក់ផ្គត់ផ្គង់នោះទេ»។
វេទិកាថាមពលនេះ រៀបចំរួមគ្នាដោយរដ្ឋាភិបាលអូស្ត្រាលី និងទីភ្នាក់ងារ IEA។
លោក Birol បាននិយាយថា ប្រទេសចិនមានចំណែក៨០ ភាគរយនៃខ្សែចង្វាក់ផ្គត់ផ្គង់សកល សម្រាប់បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ ហើយនៅឆ្នាំ២០២៥ ចំណែកនេះនឹងកើនឡើងដល់ ៩៥ភាគរយ។
លោក Birol និងលោកស្រី Granholm បានឱ្យដឹងថា ការពឹងផ្អែកលើប្រទេសមួយសម្រាប់បច្ចេកវិទ្យា ឬឥន្ធនៈណាមួយ គួរតែត្រូវជៀសវាង ដោយគួរតែរៀនសូត្រពីមេរៀន នៃពីការបាត់បង់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Granholm ខណៈថ្លែងប្រាប់អ្នកយកព័ត៌មា ននៅក្រៅវេទិកាថាមពលនេះថា «ខ្ញុំបារម្ភថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ នៃបណ្តាញបច្ចេកវិទ្យា និងការផ្គត់ផ្គង់ដែលនៅចុងបញ្ចប់ អាចធ្វើឱ្យយើងងាយរងគ្រោះ ប្រសិនបើយើងមិនអភិវឌ្ឍខ្សែចង្វាក់ផ្គត់ផ្គង់ របស់យើងទេនោះ»៕