(ញូវយ៉ក)៖ កាលពីថ្ងៃចន្ទ តម្លៃប្រាក់អឺរ៉ូបានធ្លាក់ចុះដ ល់កម្រិតទាបបំផុតក្នុងរយៈពេល ២០ឆ្នាំ ដោយសារក្តីបារម្ភថា វិបត្តិថាមពលនឹងនាំឱ្យតំបន់នេះ ធ្លាក់ទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ច ខណៈរូបិយប័ណ្ណអាមេរិកនេះ ត្រូវបានជំរុញដោយការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកនឹងដំឡើងអត្រាការប្រាក់ កាន់តែលឿននិងច្រើនជាងប្រទេសផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
បំពង់ Nord Stream 1 ដែលជាបំពង់បង្ហូរឧស្ម័នតែមួយដ៏ធំបំផុត ដែលដឹកឧស្ម័នរុស្ស៊ីទៅកាន់ប្រទេសអាឡឺម៉ង់ កាលពីថ្ងៃចន្ទបានផ្អាកប្រតិបត្តិការ ដើម្បីថែទាំប្រចាំឆ្នាំ ដែលរំពឹងថានឹងផ្អាករយៈពេល ១០ថ្ងៃ។ រដ្ឋាភិបាលានានា ទីផ្សារ និងក្រុមហ៊ុនព្រួយបារម្ភថា ការផ្អាកប្រតិបត្តិការនេះ អាចនឹងត្រូវអូសបន្លាយពេលយូរ ដោយសារសង្គ្រាមនៅអ៊ុយក្រែន។
លោក Bipan Rai ប្រធានយុទ្ធសាស្រ្តផ្នែកអត្រាប្តូរប្រាក់ ប្រចាំអាមេរិកខាងជើងមកពីក្រុមហ៊ុន CIBC Capital Markets បានថ្លែងថា «ក្តីបារម្ភខ្លាំងបំផុតសម្រាប់ទីផ្សារ គឺថាតើបំពង់បង្ហូរឧស្ម័ន Nord Stream 1 នឹងត្រលប់មកដំណើរការវិញឬអត់?»។
លោកបានបន្ថែមថា ទីផ្សារនឹងទំនងជាគិតទៅដល់ការដើរថយក្រោយ នៃសេដ្ឋកិច្ចសម្រាប់តំបន់នេះ ប្រសិនបើបំពង់បង្ហូរឧស្ម័នមិនដំណើរការវិញ។
ប្រាក់អឺរ៉ូបានធ្លាក់ចុះទាបត្រឹមមកនៅត្រឹម ១,០០៥១ដុល្លារក្នុងមួយអឺរ៉ូ ដែលជាតម្លៃទាបបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០០២មក។ សន្ទស្សន៍ប្រាក់ដុល្លារបានកើនឡើងដល់ ១០៨,១៩ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ២០០២មក។
រូបិយប័ណ្ណអាមេរិកនេះបានឡើងថ្លៃដោយសារការរំពឹងថា ធនាគារកណ្តាលអាមេរិក នឹងបន្តដំឡើងអត្រាការប្រាក់យ៉ាងតក់ក្រហល់ ខណៈដែលធនាគារនេះព្យាយាមទប់ទល់នឹងអតិផរណាដែលកំពុងកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕