(ភ្នំពេញ)៖ លោក លឹម អូន អគ្គនាយកសហគ្រាសធុនតូច និងមធ្យម (SME Bank) បានថ្លែងថា SME Bank ដែលជាធនាគាររដ្ឋ នឹងផ្តល់ហិរញ្ញប្បទាន ក្នុងលក្ខខណ្ឌពិសេសសម្រាប់ម្ចាស់អាជីវកម្ម Start up ក្នុងវិស័យឌីជីថល ដើម្បីទទួលបានទុនសម្រាប់វិនិយោគ និងពង្រីក ឬសម្រាប់រក្សាលំនឹងអាជីវកម្មរបស់ខ្លួន។
លោក លឹម អូន លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពន្លឿលអាជីវកម្ម នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងករណីប្អូនទាំងអស់ មានគំនិតក្នុងការបង្កើតអាជីវកម្មថ្មី start up ឬអ្នកមានលទ្ធភាពក្នុងការចាប់ផ្តើមអាជីវកម្ម ឬក៏ការគ្រប់អាជីវកម្មផ្ទាល់ខ្លួន ធនាគារសហគ្រាសធុនតូច និងមធ្យមសូមស្វាគមន៍ក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ ធនាគារ SME មានផ្តល់ជាហិរញ្ញប្បទានដល់ start upជាពិសេសក្នុងវិស័យបច្ចេកវិទ្យាដែលជាវិស័យអទិភាពតែម្តង ដោយយើងនឹងផ្តល់លក្ខខណ្ឌពិសេសជូនបងប្អូនទាំងអស់គ្នា»។
លោកបន្តថា វិស័យឌីជីថល គឺជាវិស័យអទិភាពមួយរបស់រាជរដ្ឋាភិបាល។ ការរីកចម្រើននៃឌីជីថល បានជំរុញផលិតភាពបានខ្ពស់ និងការគ្រប់គ្រងទីផ្សារការលក់បានកាន់តែល្អ។ បន្ថែមពីនេះបច្ចេកវិទ្យាឌីជីថលបានចូលរួមកាត់បន្ថយចំណាយប្រតិបត្តិការផ្សេងៗផងដែរ។ ការផ្តល់ទុនរបស់ធនាគារនេះ គឺសំខាន់ណាស់ ដែលអាចជួយជំរុញប្រតិបត្តិការ ក្នុងអាជីវកម្ម start up ឱ្យកាន់តែមានប្រសិទ្ធភាព។
បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានថ្លែងថា ការបង្កើតអាជីវកម្ម start up ស្រួល ប៉ុន្តែការធ្វើឱ្យអាជីវកម្មនេះ ជោគជ័យគឺជារឿងលំបាក។ លោកសង្កេតឃើញថា អាជីវកម្ម start up នៅកម្ពុជាមួយចំនួន ដែលបានបង្កើតឡើង មួយចំនួនបានដួល ឬបិទទ្វារ ដោយសារតែពួកគេបានជួបប្រទះបញ្ហាប្រឈម ទាក់ទងបច្ចេកទេស និងទុន ដែលទាមទារឱ្យភាគីព័ន្ធព័ន្ធត្រូវយកចិត្តទុកដាក់។
លោកបន្តថា ដើម្បីជួយគាំទ្រដល់អាជីវកម្ម Start up រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគំនិតផ្តួចផ្តើមមួយចំនួន ក្នុងនោះបង្កើតជាមជ្ឈមណ្ឌលធុរកិច្ចថ្មីតេជោ បង្កើតសហគ្រិនខ្មែរ បង្កើនមូលនិធិអភិវឌ្ឍន៍ជំនាញ និងធនាគារ SME ជាដើម ដើម្បីជួយទៅលើផ្នែកបច្ចេកទេស ផ្តល់មូលនិធិសម្រាប់ជីវកម្ម និងការផ្តល់ឥណទានក្នុងលក្ខណៈពិសេសជាដើម។
បើតាមបណ្ឌិត តាំង ងួនលី ទំហំនៃអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាកាលពីឆ្នាំ២០២១កន្លង មានតម្លៃច្រើនជាង៩០០លានដុល្លារ ដែលមានទំហំប្រហែលពី៣ទៅ៤% នៃGDP៕