(ក្រុងឡុងដ៍)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ តម្លៃប្រេងបានធ្លាក់ចុះបន្ទាប់ពីការកើនឡើងខ្លាំងក្នុងរយៈពេលជាងមួយខែនៅក្នុងវគ្គជួញដូរមុន ដោយសារការព្រួយបារម្ភអំពីអតិផរណាពិភពលោកបានគ្របដណ្ដប់លើការរំពឹងទុកពីការកាត់បន្ថយទិន្នផលរបស់អង្គការ OPEC+។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគត បានធ្លាក់ចុះ ៣៩សេន ឬ ០,៣ភាគរយមកនៅត្រឹម ១០៤,៧ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង ៤,១ភាគរយកាលពីថ្ងៃចន្ទ។ ប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកមានតម្លៃ ៩៦,៧៩ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ២១សេន ឬ ០,២ភាគរយ បន្ទាប់ពីការកើនឡើង ៤,២ភាគរយនៅក្នុងវគ្គជួញដូរមុន។
អតិផរណាគឺនៅមានអត្រាជិត ២ខ្ទង់នៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗជាច្រើន ពោលគឺជាកម្រិតមួយដែលមិនធ្លាប់កើតមានក្នុងរយៈពេលជិតកន្លះសតវត្ស ហើយវិនិយោគិនមានការព្រួយបារម្ភថា ការដំឡើងអត្រាការប្រាក់កាន់តែខ្លាំងនឹងកើតឡើងពីសហរដ្ឋអាមេរិក និងអឺរ៉ុប។
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងនៅថ្ងៃចន្ទថា ទិន្នផលប្រេងរបស់រុស្ស៊ីបានកើនលើសពីការរំពឹងទុកក្នុងគ្រាដែលមានសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែលោកបាននិយាយថា ទីក្រុងម៉ូស្គូនឹងពិបាកកាន់តែខ្លាំងឡើងក្នុងការថែរក្សាផលិតកម្ម ខណៈដែលទណ្ឌកម្មរបស់លោកខាងលិចចាប់ផ្តើមមានប្រសិទ្ធភាព។
ប្រធានទីភ្នាក់ងារថាមពលរួមនេះបានឱ្យដឹងទៀតថា ប្រទេសជាសមាជិករបស់ទីភ្នាក់ងារ IEA អាចបញ្ចេញប្រេងកាន់តែច្រើនពីស្តុកបម្រុងប្រេងឥន្ធនៈយុទ្ធសាស្ត្រ (SPR) ប្រសិនបើពួកគេយល់ឃើញថាវាចាំបាច់ នៅពេលផែនការបច្ចុប្បន្ននេះផុតកំណត់។
អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិតកំពូលនៅក្នុងអង្គការប្រទេសនាំចេញប្រេង (OPEC) កាលពីសប្តាហ៍មុនបានលើកឡើងពីលទ្ធភាពនៃការកាត់បន្ថយផលិតកម្មប្រេង ដែលប្រភពនានាបានឱ្យដឹងថាអាចធ្វើឡើងស្របពេលជាមួយនឹងការជំរុញការផ្គត់ផ្គង់ពីប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយលោកខាងលិច។
អង្គការ OPEC+ ដែលរួមមានអង្គការ OPEC ប្រទេសរុស្ស៊ី និងប្រទេសផលិតប្រេងសម្ព័ន្ធមិត្តផ្សេងទៀតនឹងជួបប្រជុំគ្នាដើម្បីកំណត់គោលនយោបាយនៅថ្ងៃទី៥ ខែកញ្ញា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕