(បាងកក)៖ មន្ត្រីក្រសួងកសិកម្មរបស់ប្រទេសថៃបានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសថៃ និងវៀតណាមបានព្រមព្រៀងសហការគ្នាក្នុងការបង្កើនតម្លៃស្រូវនៅលើទីផ្សារពិភពលោក បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនខែក្នុងគោលបំណងជាផ្នែកមួយដើម្បីលើកកម្ពស់ប្រាក់ចំណូលនៅតាមទីជនបទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក Alongkorn Ponlaboot ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍របស់ប្រទេសថៃ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាមួយជាមួយមន្ត្រីវៀតណាមថា៖ «នេះ...ជាលើកទីមួយហើយ ដែលប្រទេសថៃ និងវៀតណាម... បានយល់ព្រមសហការគ្នាក្នុងការដំឡើងតម្លៃអង្ករនៅលើទីផ្សារពិភពលោក»។
ប្រទេសថៃនិងវៀតណាមបានចាប់ផ្តើមកិច្ចចរចាកាលពីខែឧសភា។ អ្នកនាំពាក្យថៃមួយរូបបាននិយាយថា គោលបំណងគឺដើម្បីដំឡើងថ្លៃការនាំចេញអង្កររបស់ប្រទេសទាំងពីរ បង្កើនឥទ្ធិពលរបស់ពួកគេនៅក្នុងទីផ្សារពិភពលោក និងជំរុញប្រាក់ចំណូលរបស់កសិករ។
យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក ប្រទេសទាំងពីរមានចំនួនប្រហែល ១០ភាគរយនៃផលិតកម្មស្រូវពិភពលោក និងប្រហែល ២៦ភាគរយនៃការនាំចេញសកល។
មិនទាន់ដឹងច្បាស់នៅឡើយទេថាតើការដំឡើងថ្លៃអង្ករណាមួយនឹងចូលជាធរមាននៅពេលណានោះទេ។
លោក Alongkorn បាននិយាយថា សេចក្តីសង្ខេបនៃកិច្ចពិភាក្សាជុំចុងក្រោយនៃកិច្ចពិភាក្សាទាំងនេះ និងអនុសាសន៍នានាឱ្យរួមគ្នាដំឡើងថ្លៃអង្ករ នឹងត្រូវបានបង្ហាញដល់រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសទាំងពីរនៅកាលបរិច្ឆេទដែលមិនទាន់មានការបញ្ជាក់។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Alongkorn ថា៖ «គោលដៅនឹងសម្រេចបានឬអត់? ខ្ញុំមិនអាចឆ្លើយបានទេ ប៉ុន្តែ ថ្ងៃនេះយើងបានបោះជំហានដំបូងរួមគ្នាធ្វើជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្មហើយ»៕