(បាងកក)៖ ប្រទេសថៃរំពឹងថានឹងទទួលប្រាក់ចំណូលប្រហែល ៤០០ ប៊ីលានបាត (១១ប៊ីលានដុល្លារ) ពីកំណើនភ្ញៀវទេសចរបរទេសនៅឆមាសទី២ ឆ្នាំនេះ ខណៈដែលអ្នកធ្វើដំណើរកម្សាន្តត្រឡប់ទៅប្រទេសអាស៊ីអាគ្នេយ៍នេះវិញបន្ទាប់ពីមានការបន្ធូរបន្ថយច្រើននូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរងរដ្ឋាភិបាលថៃថា អ្នកដំណើរអន្តរជាតិប្រហែល ៧,៥ លាននាក់ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍សំខាន់ៗក្នុងប្រទេសថៃដូចជាទីក្រុងបាងកក ភូកេត និងកោះសាមុយនៅចន្លោះពីខែកក្កដា ដល់ខែធ្នូ ពោលគឺកើនឡើង ១ ៨៤០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកស្រីបានបន្តថា កំណើននេះនឹងជំរុញចំនួនភ្ញៀវទេសចរបរទេសសម្រាប់រយៈពេលពេញមួយឆ្នាំដល់ ១០លាននាក់។

ប្រទេសថៃ ក៏ដូចទៅនឹងប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ភាគច្រើនផ្សេងទៀតដែរកំពុងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃតម្រូវការធ្វើដំណើរជាសាកល ដោយអាជ្ញាធរនានាបានលុបចោលវិធានការរឹតបន្តឹងទប់ស្កាត់ការរាតត្បាតជំងឺទាំងអស់។ ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍នេះបានជំរុញឱ្យធនាគារកណ្តាល និងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតបង្កើនការប៉ាន់ប្រមាណអំពីការមកដល់របស់ភ្ញៀវទេសចរ ដោយជួយទប់ស្កាត់ផលប៉ះពាល់ដល់សេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍ពីអតិផរណាខ្ពស់ក្នុងរយៈពេលច្រើនឆ្នាំ និងការនាំចេញយឺត។

លោកស្រី Rachada បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះថា៖ «ការលើកទឹកចិត្ត និងវិធានការរបស់រដ្ឋាភិបាលនឹងបង្កើនល្បឿននៃការងើបឡើងវិញនៅក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះបន្ថែមទៀត»

ទោះជាយ៉ាងនេះក្តី ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមាន។ លោកស្រីបាននិយាយថា ភាពតានតឹង និងអតិផរណារបស់អ៊ុយក្រែន និងរុស្ស៊ីត្រូវបានគេមើលឃើញថាជាឧបសគ្គដ៏សំខាន់សម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសថៃ។

មុនពេលមានជំងឺរាតត្បាត ឧស្សាហកម្មទេសចរណ៍ថៃបានរួមចំណែកប្រហែល ១២% ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ និង ២០% នៃការងារសរុប។ យោងតាមធនាគារកណ្តាលថៃ ភ្ញៀវទេសចរបរទេសជិត ៤០លាននាក់បានទៅទស្សនាប្រទេសថៃក្នុងឆ្នាំ ២០១៩ ដែលបង្កើតប្រាក់ចំណូលបានជាង ៦០ ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕