(ហាណូយ)៖ តម្លៃមាសដុំដែលមានម៉ាកយីហោ SJC កាលពីថ្ងៃចន្ទបានធ្លាក់ចុះ ២៥០ ០០០ដុង (១០,៦៧ដុល្លារ) មកនៅត្រឹម ៦៦,៥៥លានដុងក្នុង (២ ៨៣៩,៧៧ដុល្លារ) មួយតម្លឹង ដែលជាតម្លៃទាបបំផុតក្នុងរយៈពេលមួយខែ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា តម្លៃដុំមាសរបស់ម៉ាកយីហោផ្សេងទៀតដូចជា DOJI និង Phu Quy បានធ្លាក់ចុះច្រើនជាងនេះគឺចំនួន ៣សែនដុង (១២,៨ដុល្លារ) ទៅ ៣,៥សែនដុង (១៤,៩៣ដុល្លារ)។

តម្លៃចិញ្ចៀនមាសក៏ធ្លាក់ចុះផងដែរ ពោលគឺធ្លាក់ចុះ ២សែនដុង (៨,៥៣ដុល្លារ) មកនៅត្រឹម ៥១,២លានដុង (២ ១៨៤,៧៧ដុល្លារ) ក្នុងមួយតម្លឹង។

តម្លៃដុំមាសបានធ្លាក់ចុះសម្រាប់វគ្គជួញដូរបីវគ្គជាប់គ្នាដល់កម្រិតទាបបំផុតក្នុងមួយខែចុងក្រោយនេះ។ មាសដុំម៉ាកយីហោ SJC មានតម្លៃខ្ពស់ជាងតម្លៃជាមធ្យមរបស់ពិភពលោកចំនួនប្រហែល ១៧.៧លានដុង (៧៥៥,២៨ដុល្លារ) ក្នុងមួយតម្លឹង។

នៅក្នុងទីផ្សារពិភពលោក មាសបានធ្លាក់ចុះរយៈពេលពីរថ្ងៃជាប់គ្នាបន្ទាប់ពីប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បានពន្យាពេលបន្ធូរបន្ថយវិធានការរូបិយវត្ថុ ដែលជាបង្ហាញថាជំនួសឱ្យការបន្ធូរបន្ថយវិធានការរូបិយវត្ថុ អត្រាការប្រាក់នឹងបន្តកើនឡើង និងនៅតែកម្រិតខ្ពស់ដើម្បីទប់ស្កាត់អតិផរណា។

តម្លៃមាសក្នុងទីផ្សារជួញដូរភ្លាមៗបានធ្លាក់ចុះ ១% ដល់ ១ ៧២០,៤៥ដុល្លារក្នុងមួយអោន ដែលជាកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី២៧ ខែកក្កដា ហើយបានជួញដូរនៅក្នុងតម្លៃ ១ ៧២៣,៧ដុល្លារគិតត្រឹមម៉ោង ១០ និង ២១នាទីព្រឹកនៅទីក្រុងឡុងដ៍។ នេះបើយោងតាមកាសែត VN Express៕