(ភ្នំពេញ)៖ កម្ពុជាចុះកិច្ចព្រមព្រៀងទទួលឥណទានថ្មី ពីដៃគូអភិវឌ្ឍន៍ពហុភាគី និងទ្វេភាគី ចំនួន៩គម្រោង ដែលមានទឹកប្រាក់ជាង ៦០០លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២២នេះ។

មន្រ្តី និងអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា បំណុលរបស់កម្ពុជា មិនបានស្ថិតក្នុងភាពគួរឱ្យព្រួយបារម្ភ ឬមានហានិភ័យនោះទេ ដោយសារតែកម្ចីភាគច្រើន គឺបានប្រើប្រាស់ចំគោលដៅ។

តាមរបាយការណ៍សង្ខេបស្ដីពី «សកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបានចុះកិច្ចព្រមឥណទានសម្បទានចំនួន ៩គម្រោង ដែលមានទឹកប្រាក់សរុបជាង ៦៣៥.៥៩លានដុល្លារអាមេរិក សមមូលនឹង ៤៧៤.៤៨ លានអេសដេអ៊ែរ ស្មើនឹង២៩.៦៥%នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ ក្នុងនោះចុះកិច្ចព្រមព្រៀង ជាមួយដៃគូអភិវឌ្ឍន៍ពហុភាគីចំនួន ៤គម្រោងដែលមានទឹកប្រាក់ជាង២៥០លានដុល្លារ និងដៃគូអភិវឌ្ឍន៍ទ្វេភាគីចំនួន ៥គម្រោង ដែលមានទឹកប្រាក់ជាង ៣៨៥លានដុល្លារ។

ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា តាមការប៉ាន់ស្មាន ដោយគិតបញ្ចូលទាំងបំណុលមរតកកំពុងចរចាដោះស្រាយ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៩ ៧៦៧ លានដុល្លារអាមេរិក ដែលសុទ្ធសឹងតែជាបំណុលសាធារណៈក្រៅប្រទេស ខណៈបំណុលសាធារណៈក្នុងប្រទេស ត្រូវបានទូទាត់បញ្ចប់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០មក។

ក្រសួងសេដ្ឋកិច្ចបានគូសបញ្ជាក់ថា «ផ្នែកតាមលទ្ធផលបឋមនៃការវិភាគចីរភាពបំណុលបង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា កំពុងទទួលរងនូវផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩ក្តី ក៏ស្ថានភាពបំណុលសាធារណៈ នៅតែបន្តរក្សាបាននូវ ចីរភាព និងហានិភ័យកម្រិតទាបដដែល»

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ សីហានេះថា បំណុលរបស់កម្ពុជានៅតែស្ថិត ក្នុងកម្រិតដែលគ្រប់គ្រងបាន ដែលស្ថិត ក្នុងកម្រិតជាង២០%នៃ GDP ដោយឆ្លើយតបទៅនឹងភាពធន់របស់កម្ពុជា និងលទ្ធភាពក្នុងការគ្រប់គ្រង ក៏ដូចជាការសងត្រឡប់ទៅភាគីផ្តល់ឥណទានសម្បទាន។

លោកមើលឃើញថា កន្លងមកការខ្ចីរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងដោយជាក់លាក់ ហេតុនេះហើយទើបកម្ពុជា តែងទទួលបានការកោតសរសើរពីប្រទេសជាម្ចាស់បំណុល ទៅលើភាពខុសត្រូវរបស់កម្ពុជា ដោយបានអនុវត្តដោយត្រឹមត្រូវ តាមលក្ខខណ្ឌរបស់ម្ចាស់កម្ចី និងទទួលបាននូវផ្លែផ្កា។

លោកបានលើកឡើងបន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា គឺប្រើប្រាស់បានត្រឹមត្រូវ ហើយឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជាយើង ដែលយើងចាំបាច់ត្រូវតែធ្វើការអភិវឌ្ឍន៍ ទៅលើវិស័យសំខាន់ៗ ដែលអាចទ្រទ្រង់ ឬធានានូវការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា រយៈពេលវែង ដែលអាចធ្វើឱ្យកម្ពុជាមានគុណសម្បត្តិប្រកួតប្រជែង ជាមួយបណ្តាប្រទេសនៅលើពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ាន។ យើងបានចំណាយទៅលើគម្រោងចាំបាច់ថ្មីៗ ដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសភស្តុភារកម្ម ឡូជីស្ទីក។ ហើយជាបន្តទៅទៀតរាជរដ្ឋាភិបាល ក៏បន្តទៅលើតម្លៃដឹកជញ្ជូន ពដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា មានគុណសម្បត្តិប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង និងទាក់ទាញវិនិយោគិន»

លោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ» កាលពីដើមខែសីហានេះថា រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងបំណុលនេះ ដោយម៉ត់ចត់បំផុត ហើយការខ្ចីក៏ធ្វើឡើងដោយមានគោលដៅច្បាស់លាស់ផងដែរ ពោល គឺកម្ចីនេះត្រូវបានយកឱ្យប្រើប្រាស់ សម្រាប់ការវិនិយោគផ្សេងៗ ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព។ កន្លងមកស្ថានប័នអន្តរជាតិល្បីដូច មូលនិធីរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាដើម បានធ្វើការវាយតម្លៃ និងបានទទួលស្គាល់កម្រិតគ្មានហានិភ័យ នៃបំណុលរបស់កម្ពុជានេះ។

បើតាមក្រសួងសេដ្ឋកិច្ច ក្នុងឆមាសទី១នេះ កម្ពុជាបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍ចំនួន ៨៩៥.៦ប៊ីលានរៀល ឬប្រមាណ ២២០.៣៤លានដុល្លារអាមេរិក។

យោងតាមព្រឹត្តិបត្រស្ថិតិបំណុល ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជាជំពាក់ប្រទេសចិនប្រមាណ ៤១% ដែលមានចំនួន ៣ ៩៩៣.៨៦លានដុល្លារ, បារាំងចំនួន ៤៧០.៥៩លានដុល្លារ ស្មើនឹង៥%, ជប៉ុនចំនួន ១០២០.៧៣លានដុល្លារ ដែលស្មើនឹង១០% និងកម្ចីពីដៃគូអភិវឌ្ឍនានា ក្នុងក្របខណ្ឌពហុភាគីមានចំនួន ៣២% ក្នុងទំហំទឹកប្រាក់ ៣១២០.៣៧លានដុល្លារ និងក្រៅពីនោះ គឺកម្ចីពីប្រទេសកូរ៉េខាងត្បូង ឥណ្ឌា ថៃ និងវៀតណាម ព្រមទាំងបំណុលមរតក ៕