(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា ដំណាំពោតនៅប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតឲ្យនាំចេញដោយផ្ទាល់ ទៅកាន់ប្រទេសចិន។ នេះបើតាមការចុះផ្សាយក្នុង Facebook ផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែសីហា។

ស្ថានទូតចិនបានសរសេរយ៉ាងដូច្នេះថា «នាថ្ងៃទី២៧ ខែសីហា រដ្ឋបាលគយប្រទេសចិន បានផ្សព្វផ្សាយបញ្ជីឈ្មោះក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងការនាំចេញដំណាំពោតនៅកម្ពុជា ទៅកាន់ប្រទេសចិន មានន័យថា ដំណាំពោតនៅកម្ពុជា បានបញ្ចប់នីតិវិធីទាំងស្រុង សម្រាប់ការនាំចេញ និងត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិន»។

បន្ថែមពីនោះទៀត ស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា នេះគឺជាផលិតផលកសិកម្មទី២ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២២នេះ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា បានបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត។

គូសបញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្ននេះ ភាគីចិនបានបង្កើនចំនួនកសិផលរបស់កម្ពុជាកាន់តែច្រើន សម្រាប់នាំទៅកាន់ទីផ្សារចិនដោយផ្ទាល់ ដែលពីពេលមុនកសិផលទាំងនេះ បាននាំចូលទៅប្រទេសទី៣ រួចទើបនាំចេញបន្តទៅប្រទេសចិន។

រហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិនរួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក និងផ្លែស្វាយ ខណៈថ្មីៗផ្លែមៀនប៉ៃលិន (តាង៉ែន) និងត្រីប្រា ក៏ត្រូវបានភាគីចិនអនុញ្ញាតឲ្យកម្ពុជា នាំចូលប្រទេសចិនបានផងដែរ រង់ចាំតែពេលវេលាសមស្របប៉ុណ្ណោះ។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពោតក្រហម គឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលទីផ្សារខ្ពស់ សម្រាប់យកទៅកែច្នៃ ធ្វើជាចំណីសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ បច្ចុប្បន្នផ្ទៃដីដាំដុះពោតក្រហមមានចំនួនប្រមាណជាង ១៤ម៉ឺនហិកតា និងមានទីផ្សារនាំចេញទៅក្រៅប្រទេស ដូចជាប្រទេស ថៃ វៀតណាម កូរ៉េ បង់ក្លាដេស៕