(ភ្នំពេញ)៖ អង្ករខ្មែរប្រណិត ដែលជាម៉ាកសញ្ញាបង្កើតឡើងដោយសហគ្រិនខ្មែរ បានចាប់ផ្តើមពង្រីកទីផ្សារជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកជួយដល់គាំទ្រដល់ផលិផលស្រូវកសិករខ្មែរ បង្កើតការងារក្នុងស្រុក ព្រមទាំងជំរុញការដាំដុះស្រូវ របស់កសិករឱ្យស្របតាមស្តង់ដារគុណភាព មិនប្រើប្រាស់ជីគីមី។
លោក សែ ឡាឡូត ស្ថាបនិក «អង្ករខ្មែរប្រណិត» បានមានលើកឡើងថា បន្ថែមពីការនាំចេញអង្ករទៅកាន់ទីអន្តរជាតិ បច្ចុប្បន្ននេះលោកកំពុងជំរុញការប្រើប្រាស់អង្ករប្រណិតនៅក្នុងស្រុក តាមរយៈការពង្រីកសាខាជាបន្តបន្ទាប់ឱ្យនៅជិតអ្នកប្រើប្រាស់ ដើម្បីជួយដល់កសិករដាំដុះស្រូវ ឱ្យមានទីផ្សារ ផ្លាស់ប្តូរទម្លាប់ពីការដាំដុះដោយប្រើប្រាស់ធាតុគីមី មកផលិតស្រូវឱ្យមានគុណភាពតាមស្តង់ដារ ដែលធ្វើឱ្យកសិករអាចលក់ស្រូវ បានតាមតម្លៃទីផ្សារ និងតម្លៃលើទីផ្សារ ខណៈបច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជា បានងាកមកប្រើប្រាស់អង្ករ ដែលមានសុវត្ថិភាព និងជាសុទ្ធល្អ។
លោកលើកឡើងថា ការប្រើប្រាស់អង្ករដែលមិនប្រើប្រាស់សារធាតុគីមី និងអង្ករសុវត្ថិភាព មានសារៈសំខាន់សម្រាប់ទ្រទ្រង់រាងកាយ ដែលពលរដ្ឋកម្ពុជា ត្រូវយកចិត្តទុកដាក់ ក្រៅពីលើបន្លែ និងផ្លែឈើ។
លោកបានពន្យល់យ៉ាងដូច្នេះថា «អង្ករខ្មែរប្រណិត យើងមិនមែនគ្រាន់តែទិញអង្ករគេយកលក់ទេ យើងសហការជាមួយកសិករដាំដុះស្រូវ ដែលមានគុណភាព ស្រូវសុទ្ធ ហើយប្រើប្រាស់ដោយជីធម្មជាតិ ហើយយើងមានរោងម៉ាស៊ីនទំនើប ដែលផលិតដោយខ្លួនឯង ផលិតបានអង្ករស្អាត អនាម័យល្អ អត់មានគ្រួស ស្មៅ ហើយថែមទាំងមិនមានសារធាតុគីមីទៀត បន្ទាប់មកទើបយកទៅពិនិត្យគុណភាពជាមួយក្រុមហ៊ុនពិនិត្យគុណភាពអង្កររបស់ជប៉ុន ដែលបានបញ្ជាក់ថាអង្ករនេះពិតជាអង្ករមានសុវត្ថិភាព ទើបយើងដាក់លក់ និងចែកចាយសាខានៅទូទាំងប្រទេស ដើម្បីដល់ដៃអតិថិនប្រើប្រាស់តាមផ្ទះ»។
លោកបន្ថែមថា «ក្នុងមួយឆ្នាំៗ យើងទិញស្រូវពីកសិកររាប់ម៉ឺនតោន និងជួយកសិករបានរាប់ម៉ឺនគ្រួសារ ហើយនៅខែវិច្ឆិកានេះ គឺដល់ខែប្រមូលផលស្រូវផ្កាម្លិះ ដែលយើងនឹងចាប់ផ្តើមប្រមូលទិញពីកសិករទៀតហើយ សម្រាប់ស្តុកទុក និងចែកចាយ។ យើងសហការជាមួយគាត់ ឱ្យគាត់ដាំស្រូវពូជសុទ្ធ យើងឱ្យគាត់ធ្វើតាមលក្ខណៈធម្មជាតិ អីចឹងយើងទិញគាត់ក្នុងតម្លៃថ្លៃដែរ យើងអត់មានទម្លាក់ ឬ បង្អាប់តម្លៃគាត់ទេ។ ជាទូទៅ គឺយើងទិញកសិករក្នុងតម្លៃទីផ្សារ ឬលើសទីផ្សារទៀត»។
លោក សែ ឡាឡូត បានឱ្យដឹងដែរថា «អង្ករខ្មែរប្រណិត» គឺជាម៉ាកសញ្ញាអង្ករដែលបានបង្កើតហ្រ្វេនឆាយ មុនគេនៅកម្ពុជា អស់រយៈពេល១១ឆ្នាំមកហើយ។ បច្ចុប្បន្ននេះ អង្ករខ្មែរប្រណីត មានសាខាសរុបជិត៥០សាខា នៅទូទាំងប្រទេសកម្ពុជា ។ ដែលមានបុគ្គលិកបម្រើការងារសរុបជាង ១៥០នាក់។ គោលដៅក្នុងពេលអនាគត អង្ករខ្មែរប្រណីត នឹងពង្រើកឱ្យបាន ១០០សាខាធំៗ នៅទូទាំងប្រទេស ដែលនឹងធ្វើឱ្យម៉ាក់អង្ករមួយប្រភេទនេះ ក្លាយជាអ្នកផ្គត់ផ្គង់អង្ករខ្មែរឈានមុខនៅក្នុងប្រទេស ដែលផ្គត់ផ្គង់អង្ករខ្មែរ សុទ្ធល្អ គុណភាពខ្ពស់ រសជាតិឆ្ងាញ់ ព្រមទាំងសុវត្ថិភាព ជូនដល់អ្នកប្រើប្រាស់។
លោក ថោង ឆៃយុទ្ធ អគ្គនាយកអង្ករខ្មែរប្រណីត សាខាផ្លូវហ្សាលដឺហ្គោល អង្ករខ្មែរប្រណិត គឺជាម៉ាកសញ្ញាមួយដែលល្បី នៅក្នុងទីផ្សារ និងមានការទទួលស្គាល់នូវគុណភាព។
លោកបន្តថា ការលក់អង្ករដែលមានហ្វ្រែនឆាយ អាចនឹងល្អជាងអង្ករដែលគ្មានហ្វ្រែនឆាយ ព្រោះអង្ករដែលគ្មានហ្វ្រែនឆាយ អាចនឹងពិបាកក្នុងការធ្វើទីផ្សារ ខុសពីអង្ករដែលការលក់អង្ករ ដែលមានហ្វ្រែនឆាយ មានទីផ្សារស្រាប់ អតិថិជនស្គាល់ច្រើន៕