(ទីក្រុងប៉េកាំង)៖ ក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនឈានមុខសកលលើវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានត្រៀមខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយកម្ពុជា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ «ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក (eWTP)»

ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រារព្ធឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលវេទិកា «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» នៅទីក្រុងប៉េកាំង ដែលជាការចាប់ផ្តើមនៃភាពជាដៃគូ ដ៏យុទ្ធសាស្ត្ររវាងប្រទេសកម្ពុជា និងក្រុមហ៊ុន Alibaba ដោយផ្តោតលើការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងត្រូវបានចុះហត្ថលេខាដោយលោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី WEN Jia ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ឆ្លុះបង្ហាញពីពេលវេលាដ៏សំខាន់មួយ នៅក្នុងភាពជាដៃគូដែលកំពុងបន្តរវាងកម្ពុជា និងក្រុមហ៊ុន Alibaba។ ជំហានដ៏សំខាន់នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍បច្ចេកវិទ្យា, ការបើកឱកាសថ្មីសម្រាប់កំណើនសេដ្ឋកិច្ច និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្នាលពាណិជ្ជកម្មនៅកម្ពុជា ដោយបានពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរវាងកម្ពុជា និងក្រុមហ៊ុន Alibaba។

ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក (eWTP) គឺជាគំនិតផ្តួចផ្តើមប្រកបដោយនវានុវត្តន៍ របស់ក្រុមហ៊ុន Alibaba និង ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្មសកល ជាពិសេសពាណិជ្ជកម្មអេឡិចត្រូនិក ដោយប្រើប្រាស់សក្ដានុពលនៃបច្ចេកវិទ្យាឌីជីថល និងថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក។ eWTP មានគោលបំណងកាត់បន្ថយរបាំងពាណិជ្ជកម្ម និងលើកកម្ពស់ប្រសិទ្ធភាពនៃពាណិជ្ជកម្មអន្តរជាតិ តាមរយៈការសម្របសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។

គួររំលឹកផងដែរថា កិច្ចសហប្រតិបត្តិការ eWTP នៅកម្ពុជា បានចាប់ផ្តើមឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ តាមរយៈទស្សនកិច្ចលើកដំបូងរបស់តំណាងក្រុមការងារបណ្តុះបណ្តាល ទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិករបស់ ក្រុមហ៊ុន Alibaba នៅកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ ក៏ទទួលបានការគាំទ្រយ៉ាងទូលំទូលាយជាបន្តបន្ទាប់ពីក្រសួងពាណិជ្ជកម្ម, និងមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធសំខាន់ៗ រួមមាន៖ ក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងទេសចរណ៍, គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (OVOP), មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យជាតិបាត់ដំបង។

បន្ថែមពីនេះ, ដើម្បីចូលរួមជំរុញកិច្ចសហប្រតិបត្តិការនេះ, លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាន ម.អ.ស. និងក្រុមការងារ បានសហការជាមួយក្រុមហ៊ុន Advance Digital World Trade Co., Ltd. (ADWT) ដែលជាដៃគូបណ្តាញរបស់ Alibaba ក្នុងការសម្របសម្រួលកិច្ចប្រជុំជាច្រើន ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ អំពីវិសាលភាព និងផលប្រយោជន៍នៃគម្រោងកិច្ចសហប្រតិបត្តិការនេះ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២, សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់គោលការណ៍ឯកភាពដ៏ខ្អង់ខ្ពស់បំផុត លើកិច្ចសហប្រតិបត្តិការគម្រោង eWTP រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Alibaba។ បន្ទាប់មក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣, សម្តេចតេជោ ហ៊ុន សែន បានផ្តល់ការឯកភាពលើការសិក្សា និងរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។ អាស្រ័យហេតុនេះ, នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការឯកភាពដ៏ខ្អង់ខ្ពស់បំផុតជាអធិបតី លើការចុះហត្ថលេខានៃអនុស្សរណៈយោគយល់គ្នា លើគម្រោង eWTP ជាមួយ Alibaba Group ក្នុងអំឡុងវេទិកា «ខ្សែក្រវ៉ាត់ និងផ្លូវ» នៅទីក្រុងប៉េកាំង។

កិច្ចសហការនេះ បង្ហាញពីជំហានផ្លាស់ប្តូរ ឆ្ពោះទៅរកអនាគតឌីជីថល ប្រកបដោយនវានុវត្តន៍ និងវិបុលភាពរួមគ្នា៕