(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍Qatar Airways ដែលបានផ្អាកការហោះហើរបណ្តោះអាសន្នពីទីក្រុងដូហា ប្រទេសកាតាមក ទីក្រុងភ្នំពេញដោយការរីករាលដាលនៃជំងឺកូវីដ១៩នោះ បានចាប់ផ្តើមហោះហើរមកកាន់ទីក្រុងភ្នំពេញឡើងវិញហើយ នៅចុងខែតុលានេះ ដើម្បីផ្សារភ្ជាប់ការហោះហើររវាងកម្ពុជា និងមជ្ឈិមបូព៌ា។
អាកាសយានដ្ឋានអន្តរជាតិកម្ពុជា Cambodia Airports បានឱ្យដឹង «Qatar Airways បានបន្តជើងហោះហើរប្រចាំថ្ងៃឡើងវិញរវាង ភ្នំពេញ (PNH) និង ទីក្រុងដូហា (DOH) នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣។ ជើងហោះហើរដំបូងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ០៤៖០៣ រសៀល»។
លោក Cyril Girot នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន VINCI Airports ដែលជាប្រតិបត្តិករអាកាសយានដ្ឋានឯកជនឈានមុខគេរបស់ពិភពលោកបានមានប្រសាសន៍ថា៖ «ក្រុមការងារនៅអាកាសយានដ្ឋានរបស់យើងធ្វើការដោយមិនចេះនឿយហត់លើការជំរុញអោយមានការបង្កើនជើងហោះហើរ និងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ឱ្យត្រឡប់មកវិញ។ ដូច្នេះហើយ ការមើលឃើញការចុះចតនៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅក្នុងថ្ងៃនេះ គឺជារង្វាន់ដែលមិនអាចកាត់ថ្លៃបានសម្រាប់ក្រុមការងារនៅអាកាសយានដ្ឋានរបស់យើង»។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅទី៣០ ខែតុលា ឆ្នាំ២០២៣នេះថា Qatar Airway បានធ្វើការហោះហើរជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃមួយជើង(៧ជើងក្នុងមួយសប្តាហ៍)។ ផ្លូវដែលក្រុមហ៊ុនអាកាសចរណ៍យក្សមួយនេះហោះហើរគឺ ដូហា-ហូជីមិញ-ភ្នំពេញ និងហោះត្រឡប់ទៅវិញ ភ្នំពេញ-ហូជីមិញ-ដូហា។
លោកថា ការភ្ជាប់ជើងហោះហើរឡើងរវិញ ពីទីក្រុងដូហា មកទីក្រុងភ្នំពេញ គឺជាសញ្ញាណល្អមួយ សម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា ខណៈដែលវិស័យទេសចរណ៍នៅកម្ពុជា បាននិងកំពុងមានភាពប្រសើរឡើង៕