(វ៉ាស៊ីនតោន)៖ និយតករអាកាសចរណ៍អាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍នេះបានពន្យារពេលការផ្អាកការហោះហើរយន្តហោះ Boeing 737 MAX 9 ដោយគ្មានពេលកំណត់ ហើយបានប្រកាសថា ខ្លួននឹងរឹតបន្តឹងការត្រួតពិនិត្យយន្តហោះ Boeing ដោយខ្លួនឯងបន្ទាប់ពីមានឧប្បទ្ទវហេតុរបើកទ្វាយន្តហោះថ្មីមួយគ្រឿងក្នុងអំឡុងពេលហោះហើរ។ នេះបើយោងងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ United Airlines និងក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានលុបចោលជើងហោះហើររហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) នឹងតម្រូវឱ្យមានការត្រួតពិនិត្យមួយដងទៀត មុនពេលដែលនិយតករអាកាសចរណ៍នេះនឹងពិចារណាដាក់យន្តហោះទាំងនោះឱ្យដំណើរការឡើងវិញ។
ស្ថិតក្រោមការត្រួតពិនិត្យកាន់តែតឹងរ៉ឹងនេះ និយតករនឹងធ្វើសវនកម្មលើខ្សែច្រវាក់ផលិតកម្មរបស់យន្តហោះ Boeing 737 MAX 9 និងក្រុមហ៊ុនផ្គត់ផ្គង់នានា ហើយពិចារណាឱ្យមានអង្គភាពឯករាជ្យមួយចូលទៅគ្រប់គ្រងផ្នែកមួយចំនួននៃផ្នែកបញ្ជាក់សុវត្ថិភាពយន្តហោះថ្មីរបស់ក្រុមហ៊ុន Boeing ដែលកន្លែងមកនិយតករ FAA បានប្រគល់កិច្ចការនេះឱ្យក្រុមហ៊ុនផលិតយន្តហោះ Boeing ជាអ្នកធ្វើ។
FAA បានឱ្យដឹងថា ការបន្តបញ្ឈប់សេវាហោះហើរយន្តហោះចំនួន ១៧១គ្រឿងដែលស្ថិតក្នុងប្រភេទយន្តហោះដូចទៅនឹងយន្តហោះជួបឧប្បទ្ទវហេតុគឺ «ដើម្បីសុវត្ថិភាពរបស់អ្នកធ្វើដំណើរអាមេរិក»។ និយតករនេះបានឱ្យដឹងកាលពីថ្ងៃចន្ទថា ការបញ្ឈប់សេវាហោះហើរនេះនឹងត្រូវបានលើកនៅពេលដែលការត្រួតពិនិត្យបានបញ្ចប់៕