(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងថា ទុនបម្រុងអន្ដរជាតិរបស់កម្ពុជាមាន ២០ប៊ីលានដុល្លារ កើនឡើង១២.៣ភាគរយ នៅឆ្នាំ២០២៣ ដែលអាចធានាបានការនាំចូលទំនិញប្រើប្រាស់ និងសេវាកម្មសំខាន់ៗ សម្រាប់រយៈពេល៧ខែ ក្នុងករណីមានគ្រាបន្ទាន់ណាមួយ។
តាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆាំ្ន២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា «ទុនបម្រុងអន្តរជាតិរបស់កម្ពុជា ដែលបានកើនដល់ប្រមាណ ២០ប៊ីលានដុល្លារអាមេរិក ពោលគឺបានកើនឡើង១២.៣% ធៀបនឹងឆ្នាំ២០២២ និងស្មើនឹងជាង៧ខែ នៃការនាំចូលទំនិញ និងសេវានាគ្រាបន្ទាប់»។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆាំ្ន២០២៤ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា កម្ពុជារក្សាបានតម្លៃប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ឱ្យមានស្ថិរភាពល្អប្រសើរ ដោយមានអត្រាប្រែប្រួលទាបជាង ២%ប៉ុណ្ណោះ បើធៀបនឹងការប្រែប្រួលតម្លៃរូបិយប័ណ្ណ នៅប្រទេសមួយចំនួនដូចជា ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃ ៩% យ៉ន់ចិនធ្លាក់ថ្លៃ ៦.៧% និងគីបឡាវធ្លាក់ថ្លៃ ២៩.៨% ក្នុងស្ថានភាពដែលប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃក្រោមឥទ្ធិពលនៃការដំឡើង និងរក្សាអត្រាការប្រាក់គោលក្នុងកម្រិតខ្ពស់។
លោកស្រីបន្ដថា ស្ថិរភាពអត្រាប្ដូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងជំនឿទុកចិត្តវិនិយោគិន គ្រប់គ្រងសម្ពាធអតិផរណាបានមួយផ្នែក ក៏ដូចជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ អត្រាប្តូរប្រាក់ត្រូវបានសេដ្ឋវិទូ ចាត់ទុកជាសូចនាករមួយបង្ហាញ ពីសុខភាពសេដ្ឋកិច្ច ដូចដែលអតីតនាយកគ្រប់គ្រងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ លោក Per Jacobson ធ្លាប់បានលើកឡើងថាការលើកកម្ពស់តម្លៃរូបិយវត្ថុជាតិឱ្យបានល្អ ជាការងារអាទិភាពនៃការកសាងមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ជាចម្បងអាស្រ័យ ដោយការអនុវត្តនយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន តាមរយៈការគ្រប់គ្រងចរាចរណ៍ប្រាក់រៀលសមស្រប និងការធ្វើអន្តរាគមន៍លក់ប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារប្ដូរប្រាក់តាមការចាំបាច់ ការងារនេះអាចសម្រេចទៅបាន ដោយសារការរក្សាបានកម្រិតខ្ពស់គ្រប់គ្រាន់ នៃទុនបម្រុងអន្តរជាតិ ដែលបានកើនដល់ប្រមាណ ២០ប៊ីលានដុល្លារអាមេរិក ពោលគឺបានកើនឡើង ១២.៣% ធៀបនឹងឆ្នាំ២០២២ និងស្មើនឹងជាង ៧ខែ នៃការនាំចូលទំនិញ និងសេវានាគ្រាបន្ទាប់។
លោកស្រីបណ្ឌិតបញ្ជាក់ថា «ភាពមិនច្បាស់លាស់ នៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងការរក្សាកម្រិតខ្ពស់នៃអត្រាការប្រាក់គោល នៅក្នុងប្រទេសអភិវឌ្ឍន៍ បានបណ្ដាលឱ្យទុនបម្រុងអន្តរជាតិ របស់ធនាគារកណ្តាលមួយចំនួន ថយចុះគួរឱ្យកត់សម្គាល់»។
បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទុនបម្រុងអន្តរជាតិនៃប្រទេសមួយ សំដៅលើទ្រព្យសម្បត្តិ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ សម្រាប់ប្រើក្នុងករណីចាំបាច់ដូចជា៖ ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។
ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា កម្រិតគ្រប់គ្រាន់អប្បបរមានៃទនបម្រុងអន្តរជាតិ ដែលគួរមាន ៣ខែនៃការនាំចូលទំនិញ និងសេវានៅគ្រាខាងមុខ។ មូលហេតុដែល IMF និយមធ្វើការប្រៀបធៀបទុនបម្រុងអន្តរជាតិ ទៅនឹងការនាំចូលដោយសារតែការនាំចូល ជាតម្រូវការលើទំនិញ និងសេវាបរទេស ដែលប្រទេសមួយចាំបាច់ត្រូវការ ដើម្បីផ្គត់ផ្គង់ដល់សេដ្ឋកិច្ចឱ្យបានគ្រប់គ្រាន់ បន្ថែមលើការផលិតក្នុងស្រុក។
កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ ធៀបនឹងការនាំចូល បង្ហាញពីលទ្ធភាពខ្ពស់ដែលប្រទេសមួយអាចនាំចូលបាន និងធានាបាននូវដំណើរការល្អនៃសេដ្ឋកិច្ច។ ចំពោះកម្ពុជាទុនបម្រុងអន្តរជាតិ បានកើនឡើងជាលំដាប់ ជាក់ស្តែង ទុនបម្រុងអន្តរជាតិរបស់កម្ពុជា នៅពេលបច្ចុប្បន្នធានា បានការនាំចូលទំនិញប្រើប្រាស់ប្រមាណ៧ខែ លើសពីកម្រិតតម្រូវរបស់ IMF រហូតដល់៥ខែឯណោះ៕