(ភ្នំពេញ)៖ ក្រោយសង្កេតឃើញការនាំចូលបន្លែ ត្រី សាច់ ដូចជាសាច់បង្កកជាដើម ដែលអាចមានសាធាតុគីមីនាំឱ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋជាច្រើនចាប់ផ្តើមមានការយល់ដឹងពីការទទួលទានម្ហូបអាហារដែលអាចនាំឱ្យខ្លួនមានបញ្ហាសុខភាព និងបានងាកមកគាំទ្រ និងទទួលទាន បន្លែ ត្រីសាច់ សរីរាង្គកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះបញ្ជាក់ឱ្យឃើញថាពលរដ្ឋមានការយល់ដឹងពីម្ហូបអាហារដែលខ្លួនត្រូវទទួលទានធ្វើឱ្យមានសុខភាពល្អ។ នេះបើតាមការបញ្ជាក់ពីលោក ឡាង សេងហ៊ង ម្ចាស់ផ្សារកូនកាំបិត។
លោក ឡាង សេងហ៊ង បានបញ្ជាក់ទៀតថា មកដល់ពេលនេះប្រភេទបន្លែ ត្រី សាច់ សរីរាង្គ ដែលគ្មានសាធាតុគីមីនាំឱ្យមានផលប៉ះពាល់ដល់សុខភាព កាន់តែមានកសិដ្ឋានធ្វើការផលិតក្នុងស្រុកបានកាន់តែច្រើនឡើងៗ ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្គត់ផ្គង់ជូនដល់អ្នកទទួលទាន ហើយសម្រាប់តម្លៃក៏ធូរថ្លៃជាមុន ដែលអាចធ្វើការប្រកួតប្រជែងជាមួយបន្លែ ត្រី សាច់ នាំចូលបាន។
លោក ឡាង សេងហ៊ង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ អ្នកទទួលទានទាំងអស់ដើម្បីជៀសផុតពីការទទួលបានអាហារ ត្រី សាច់ ដែលមានសាធាតុគីមី គួគប្បីជ្រើសរើសហាងណាមួយដែលមានទំនុកចិត្ត និងជាហាងដែលអាចផ្តល់ប្រភពច្បាស់លាស់ពីកន្លែងដែលបាននាំចូល និងបញ្ជាក់ពីគុណតម្លៃច្បាស់លាស់ក្នុងការទទួលទានបន្លែត្រីសាច់ដែលមានគុណភាពខ្ពស់។
លោក ឡាង សេងហ៊ង បានបញ្ជាក់យ៉ាងដូចនេះនាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នាឱកាសដែលផ្សារកូនកាំបិត បានចុះកិច្ចព្រមព្រៀងជាមួយកសិដ្ឋានជ្រូកអត់ក្លិន ដើម្បីនាំយកសាច់ជ្រូកសរីរាង្គមកផ្គត់ផ្គង់លើទីផ្សារ ក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅទីតាំងផ្សារកូនកាំបិត សាខាបុរីប៉េង ហួត បឹងស្នោរ រាជធានីភ្នំពេញ។
បើតាមលោក វ៉ើយ វណ្ណៈ ម្ចាស់កសិដ្ឋានទំនប់ច្រកកែស នៅស្រុកដងទង់ ខេត្តកំពត ដែលជាអ្នកផ្គត់ផ្គង់ជ្រូកអត់ក្លិន ឬជ្រូកសរីរាង្គ បានឲ្យដឹងថា ជ្រូកអត់ក្លិនជាជ្រូកដែលចិញ្ចឹមបែបធម្មជាតិ មិនបង្កឲ្យមានក្លិនមិនល្អនៅជុំវិញកសិដ្ឋាន និងការផ្ដល់ចំណីធម្មជាតិសុទ្ធសាធ។ សាច់ជ្រូកនេះមានខ្លាញ់ស្ដើង សាច់ហាម់ណែន មានពណ៌រាងផ្កាឈូក និងមានរសជាតិឆ្ងាញ់ ខុសប្លែកពីជ្រូកដែលផ្ដល់ចំណីពីរោងចក្រ ។
លោក វ៉ើយ វណ្ណៈ បានបន្តថា ការចិញ្ចឹមជ្រូកអត់ក្លិនចំណាយពេលយូរជាងជ្រូកឲ្យចំណីពីរោងចក្រ ដែលមានផ្ដល់សារជាតិជំរុញការលូតលាស់របស់ជ្រូក ពោលគឺរហូតដល់ទៅជាង ៦ខែ ទម្រាំជ្រូកអាចឈានដល់ទម្ងន់ ១០០គីឡូ បើធៀបនឹងជ្រូកប្រើចំណីរោងចក្រដែលចំណាយពេលត្រឹម ៤ ខែ ទៅ ៤ ខែកន្លះប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ផ្សារកូនកាំបិតបានបើកដំណើរការចាប់ពីឆ្នាំ ២០១៩ ហើយបច្ចុប្បន្នមាន ៣សាខានៅភ្នំពេញ នៅបុរីប៉េងហួតបឹងស្នោរ នៅផ្សារទួលសង្កែ និងនៅជិតវត្តទួលអស់លោក ដែលមានគោលដៅជួយផ្ដល់ទីផ្សារកសិផលខ្មែរ និងផ្ដល់អាទិភាពខ្ពស់បំផុតចំពោះផលិតផលក្នុងស្រុក។ ផ្សារកូនកាំបិតផ្ដោតសំខាន់បំផុតលើសុវត្ថិភាពចំណីអាហារសម្រាប់អ្នកទទួលទាន ដោយតម្រូវឲ្យរាល់ផលិតផលទាំងអស់គោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ និងកសិកម្មល្អរបស់កម្ពុជា។ ផលិតផលបន្លែ សាច់ ផ្លែឈើ គ្រឿងទេស និងផលិតផលកែច្នៃ នៅផ្សារកូនកាំបិត មានប្រមាណ ១០០០មុខ ហើយ ៩០% ជាផលិតផលក្នុងស្រុក ហើយផលិតផលនាំចូលមានខ្ទង់ប្រមាណ ១០% ប៉ុណ្ណោះ៕