(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់នូវកម្មវិធីលិខិតរដ្ឋបាលអេឡិចត្រូនិក GDT e-Administration សម្រាប់ឱ្យអ្នកជាប់ពន្ធ មកដាក់ពាក្យសុំ និងត្រួតពិនិត្យឯកសារ នៅពេលដែលបានដាក់ពាក្យស្នើសុំរួចរាល់។

ការប្រកាសដាក់ឲ្យប្រើប្រាស់ កម្មវិធីលិខិតរដ្ឋបាលអេឡិចត្រូនិកនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration)» នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ ជាផលិតផលថ្មីមួយទៀត ដែលយើងខ្ញុំមកប្រកាស គឺរដ្ឋបាលអេឡិចត្រូនិក ដែលជាការអភិវឌ្ឍន៍បន្ថែមមួយ អំពី App សម្រាប់ឲ្យអ្នកជាប់ពន្ធ អាច Check and Track នៅពេលឯកសាររបស់គាត់ដែលដាក់មក»

លោក គង់ វិបុល សង្កេតឃើញថា កម្មវិធីនេះមិនសូវមានអ្នកប្រើនោះទេ ដូច្នេះលោកចង់ឲ្យមានការប្រើប្រាស់កម្មវិធីនេះ ឲ្យបានច្រើន ហើយកម្មវិធីនេះ គឺជាកម្មវិធីសម្រាប់សាធារណជនទាំងអស់ ចង់ដាក់លិខិតស្នាម មកអគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បានបញ្ជាក់ថា កម្មវិធីនេះមានមុខងាររួមមាន៖ ការស្នើសុំធ្វើបច្ចុប្បន្នភាពសហគ្រាស, ការសុំបង់ពន្ធប្រថាត់ត្រា, ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ, ការស្នើសុំទូទាត់ប្រាក់ជាដំណាក់កាល, ការស្នើសុំ​វិញ្ញាបនបត្រ ឬលិខិតស្នាមអនុញ្ញាតនានា, និងការស្នើសុំលិខិតរដ្ឋបាល ឯកសារផ្សេងៗ។

លោក គង់ វិបុល បានគូសបញ្ជាក់ថា ​ឯកសារដែលដាក់មកក្នុងកម្មវិធីនេះ គឺអត់បាត់ទៅណានោះទេ ឲ្យតែបានបញ្ចូលមក ក្នុងកម្មវិធីនេះបានរួចរាល់ និងគ្មានលេសណាមួយ ដែលអគ្គនាយកដ្ឋានពន្ធដារថា មិនបានទទួលនោះដែរ។

លោកថា រាល់ការស្នើសុំនៅក្នុងកម្មវិធីនេះ មិនចាំបាច់មកអគ្គនាយកដ្ឋានពន្ធដារ ឬរដ្ឋបាលសារពើពន្ធ ដោយផ្ទាល់នោះទេ៕