(វ៉ាស៊ីនតោន)៖ ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធបានបោះឆ្នោតរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់រយៈពេល ២៣ឆ្នាំនៅដដែលក្នុងកិច្ចប្រជុំរយៈពេល ៥លើកជាប់គ្នា ខណៈដែលបង្ហាញពីលទ្ធភាពទម្លាក់អត្រាការប្រាក់ ៣លើកនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ដំណឹងនេះបានធ្វើឱ្យទីផ្សារភាគហ៊ុនអាមេរិកកើនឡើងកាន់តែខ្ពស់ ខណៈដែលពាណិជ្ជកររីករាយនឹងសញ្ញាវិជ្ជមាននៃការទម្លាក់អត្រាការប្រាក់ ៣លើករបស់ធនាគារកណ្តាល បើទោះបីជាអតិផរណាប្រចាំខែកើនឡើងនាពេលថ្មីៗនេះក៏ដោយ។

សន្ទស្សន៍ផ្សារហ៊ុនធំៗទាំងបីនៅតំបន់ហិរញ្ញវត្ថុ Wall Street បានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយនៅពេលបិទការជួញដូរ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ធនាគារកណ្តាលអាមេរិក (Fed) ថា ការសម្រេចចិត្តជាឯកច្ឆ័ន្ទរបស់ធនាគារកណ្តាលអាមេរិកក្នុងការរក្សាអត្រាការប្រាក់កម្ចីគោលរបស់ខ្លួននៅចន្លោះ ៥,២៥ភាគរយ និង ៥,៥ភាគរយអនុញ្ញាតឱ្យក្រុមអ្នកបង្កើតគោលនយោបាយ «វាយតម្លៃដោយប្រុងប្រយ័ត្ននូវទិន្នន័យនាពេលខាងមុខ ទស្សនវិស័យដែលកំពុងវិវត្ត និងតុល្យភាពនៃហានិភ័យ»

កាលពីឆ្នាំមុន គោលនយោបាយរបស់ Fed បានបង្ហាញថាជាភាពជោគជ័យមួយ៖ អតិផរណាបានថយចុះយ៉ាងខ្លាំងពីកម្រិតខ្ពស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលបានឃើញនៅក្នុងឆ្នាំ២០២២ ឆ្ពោះទៅរកគោលដៅរយៈពេលវែងរបស់ខ្លួន ២ភាគរយ ខណៈដែលសហរដ្ឋអាមេរិកអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ចដែលត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយដោយសារកំណើនសេដ្ឋកិច្ចដ៏រឹងមាំដែលមិននឹកស្មានដល់៕