(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅធ្លាក់ចុះតិចតួចក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍ក្រោយមានការធ្លាក់ចុះស្តុកប្រេងឆៅដ៏គួរឲ្យភ្ញាក់ផ្អើលរបស់សហរដ្ឋអាមេរិក ស្របពេលដែលធនាគារកណ្តាលអាមេរិកប្រាន់ខ្ជាប់ទៅនឹងចក្ខុវិស័យរបស់ខ្លួនក្នុងការកាត់បន្ថយអត្រាការប្រាក់ក្នុងឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កិច្ចសន្យាអនាគតសម្រាប់ចែកចាយប្រេងឆៅប្រភេទ Brent នៅខែឧសភាបានធ្លាក់ចុះ ៣១សេន ឬ ០,៤ភាគរយមកនៅត្រឹម ៨៥,៦៤ដុល្លារក្នុងមួយបារ៉ែលនៅរសៀលថ្ងៃព្រហស្បតិ៍។ កិច្ចសន្យាអនាគតទាំងនេះបានធ្លាក់ចុះថ្លៃ ១,៦ភាគរយកាលពីថ្ងៃពុធ។
កិច្ចសន្យាអនាគតសម្រាប់ចែកចាយប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកនៅខែឧសភាបានធ្លាក់ចុះ ៣០សេន ឬ ០,៤ភាគរយមកនៅត្រឹម ៨០,៩៧ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះប្រហែល ១,៨ភាគរយនៅក្នុងវគ្គជួញដូរមុន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) បានរាយការណ៍កាលពីថ្ងៃពុធពីការធ្លាក់ចុះស្តុកប្រេងឆៅរយៈពេល ២សប្តាហ៍ជាប់គ្នានៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងធំបំផុតក្នុងពិភពលោក។

ស្តុកប្រេងបានធ្លាក់ចុះមិនរំពឹងទុកចំនួន ២លានបារ៉ែលមកនៅត្រឹម ៤៤៥លានបារ៉ែលក្នុងសប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី១៥ ខែមីនា ដោយសារការនាំចេញបានកើនឡើង ហើយក្រុមហ៊ុនចម្រាញ់ប្រេងបន្តបង្កើនសកម្មភាពអាជីវកម្មរបស់ខ្លួន។ អ្នកវិភាគដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានរំពឹងថា ស្តុកប្រេងនឹងកើនឡើងចំនួន ១៣ ០០០បារ៉ែល៕