(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ី កំពុងពិចារណាពង្រីកគម្រោងផ្លូវដែក ដែលកំពុងសាងសង់តម្លៃ ៥០ពាន់លានរីងហ្គីត (១០,៦ពាន់លានដុល្លារ) របស់ខ្លួនទៅកាន់ព្រំដែនជាមួយប្រទេសថៃ ខណៈដែលប្រទេសនេះ ព្យាយាមកាត់បន្ថយការប្រកួតប្រជែងសេដ្ឋកិច្ច ជាមួយប្រទេសជិតខាងមួយនេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដី របស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke ថា រដ្ឋាភិបាលម៉ាឡេស៊ី «បើកចំហ» ក្នុងការតភ្ជាប់ផ្លូវដែកឆ្នេរខាងកើត (East Coast) របស់ម៉ាឡេស៊ីទៅកាន់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលមានស្រាប់ ឬដែលគ្រោងទុករបស់ប្រទេសថៃ។ ថៃគ្រោងនឹងសាងសង់កំពង់ផែចំនួនពីរ ដើម្បីបញ្ចៀសកប៉ាល់មិនឱ្យដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកម៉ាឡាកា ដែលរកចំណូលបានច្រើនបំផុតរបស់ម៉ាឡេស៊ី។

លោក Loke បានប្រាប់សភាម៉ាឡេស៊ីកាលពីថ្ងៃពុធថា៖ «ទំនាក់ទំនងរវាងម៉ាឡេស៊ីនិងថៃ មិនមែនជាហ្គេមប្រទេសមួយឈ្នះ ហើយប្រទេសមួយទៀតចាញ់ទេ»។ លោកបានបន្ថែមថា ប្រទេសទាំងពីរប្រឈមនឹងបញ្ហា «សេដ្ឋកិច្ចនយោបាយ» ដែលអាចដោះស្រាយរួមគ្នា ហើយផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ គឺការតភ្ជាប់ឆ្លងព្រំដែន។

គម្រោងផ្លូវដែក ECRL ដែលនឹងតភ្ជាប់ឆ្នេរសមុទ្រភាគខាងលិច និងខាងកើតរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៧។ ស្ថានីយចុងក្រោយរបស់ផ្លូវដែកនេះស្ថិតក្រោមផែនការបច្ចុប្បន្នគឺនៅ Kota Bharu ដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីព្រំដែនប្រទេសថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕