(ភ្នំពេញ)៖ បច្ចុប្បន្ននេះយុវជនមួយចំនួនដែលយល់ថាខ្លួន មានដុងរកស៊ីពីកំណើត តែងតែរិះរកក្នុងការបង្កើតអាជីវកម្មមួយដោយខ្លួនឯង ពោល គឺចង់ធ្វើជាថៅកែខ្លួនឯង ដោយមិនចង់ធ្វើការឱ្យគេនោះទេ។

ពួកគេយល់ថាការចេញរកស៊ី មានអាជីវកម្មផ្ទាល់ខ្លួននឹងធ្វើឱ្យពួកគេឆាប់ទទួលបានចំណូល ឬក្លាយជាអ្នកមាន ជាងការដែលរៀនចប់ហើយ ទៅធ្វើការឱ្យគេ។ ប៉ុន្តែយ៉ាងណានេះក្តី ពួកក៏ត្រូវតែគិតអំពីសមត្ថភាព ចេះគ្រប់គ្រងអាជីវកម្ម និងមានជំនាញច្បាស់លាស់ទាក់ទងនឹងរកស៊ីផងដែរ។

ត្រង់ចំណុចនេះ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានលើកទឹកចិត្តដល់យុវជន ប្រសិនបើចង់បើចេញរកស៊ីទាំងវ័យក្មេង ដើម្បីឆាប់ទទួលបានចំណូលចិញ្ចឹមគ្រួសារ គួរតែចេញរកស៊ីបណ្តើរ រៀនវិជ្ជាជីវៈបណ្តើរ ដើម្បីទទួលបានជំនាញឱ្យច្បាស់លាស់មួយ។

លោកបានពន្យល់ថា «បើចង់ឆាប់បានការងាធ្វើ ឆាប់បានចំណូលផ្គត់ផ្គង់គ្រួសារ ខ្ញុំថាមិនមានអីល្អជាងការចេញរកស៊ី ហើយរៀនបណ្តុះបណ្តាលវិជ្ជាជីវៈទេ ដើម្បីទទួលបានបានជំនាញត្រូវ ក៏ប៉ុន្តែប្រសិនបើយើងរៀបចំជីវិតថា នឹងក្លាយជាអ្នកណា ឬជាអ្វីផ្សេងៗ ត្រូវរៀនឱ្យបានខ្ពស់ខ្ពង់»

ជាមួយគ្នានេះ លោកផ្តាំផ្ញើដល់យុវជន និងនិស្សិត មុននឹងសម្រេចធ្វើអ្វីមួយ ត្រូវភ្ជាប់នឹងឧបនិស្ស័យរបស់ខ្លួនឯង និងសក្តានុពលរបស់ខ្លួន ប្រសិនបើខ្លួនឯងពូកែខាងរៀន គួរឆ្លៀតឱកាសរៀនឱ្យបានខ្ពង់ខ្ពស់ ប៉ុន្តែប្រសិនបើគិតថា ខ្លួនឯងមិនពូកែរឿងរៀនសូត្រ ដោយសារធម្មជាតិ បានផ្តល់ឱ្យនូវភាពវៀងវៃរហ័សរហួនខាងរកស៊ី គួរតែចាប់ឱកាសរកស៊ី ហើយរកស៊ីអ្វីដែលភ្ជាប់នឹងឧបនិស្ស័យរបស់ខ្លួន នោះទើបរីកចម្រើន។

ប៉ុន្តែយ៉ាងមិញ លោកលើកឡើងថា អ្នកដែលចេញរកស៊ីអាចនឹងឆាប់មានលុយឡានជាង អ្នកដែលរៀន ហើយចេញទៅធ្វើការឱ្យគេ ប៉ុន្តែលុយអាចនឹងមិនមែន ជាកត្តាជោគជ័យទាំងស្រុង និងផ្តល់នូវសុភមង្គលនៃជីវិតនោះទេ៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោកបណ្ឌិត ជេត ជាលី៖