(បាងកក)៖ សមាគមធនាគាររបស់ប្រទេសថៃបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ធនាគារក្នុងប្រទេសថៃនឹងទម្លាក់អត្រាការប្រាក់កម្ចីចំនួន ២៥ពិន្ទុមូលដ្ឋាន ឬស្មើនឹង ០,២៥ភាគរយសម្រាប់ក្រុមដែលងាយរងគ្រោះសម្រាប់រយៈពេលប្រាំមួយខែ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយនៅសប្តាហ៍នេះថា លោកបានស្នើសុំឱ្យស្ថាប័នផ្តល់ប្រាក់កម្ចីធំទាំងបួនរបស់ប្រទេសថៃកាត់បន្ថយអត្រាការប្រាក់ដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងសេដ្ឋកិច្ច។ លោក សេដ្ឋា បានជំរុញម្តងហើយម្តងទៀតឱ្យធនាគារកណ្តាលថៃទម្លាក់អត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ច។
សមាគមធនាគារថៃបានឱ្យដឹងថា វិធានការនេះនឹងជួយសម្រាលបន្ទុកការប្រាក់ តែសមាគមមិនបានបញ្ជាក់ថាតើមានធនាគារប៉ុន្មាននឹងចូលរួមក្នុងគំនិតផ្តួចផ្តើមនេះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕