(ភ្នំពេញ)៖ បណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ផ្ដល់គន្លឹះសំខាន់ៗដល់សមាគមធនាគារនៅកម្ពុជា ដើម្បីចូលរួមបន្ថែម ក្នុងការពង្រឹងស្ថិរភាព ភាពធន់ និងនិរន្តរភាព នៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
ការផ្ដល់គន្លឹះសំខាន់ៗដល់សមាគមធនាគារនៅកម្ពុជានេះ ធ្វើឡើងក្នុងឱកាសលោកស្រីបណ្ឌិត ជា សិរី អនុញ្ញាតឲ្យលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងសមាជិកក្រុមប្រឹក្សាភិបាល ចូលជួបសំដែងការគួរសម ក្នុងគោលបំណងជម្រាបជូនធនាគារជាតិនៃកម្ពុជា ពីសមាភាពនៃក្រុមប្រឹក្សាភិបាលអណត្តិថ្មី ព្រមទាំងទិសដៅការងារអាទិភាព របស់សមាគមនាអាណត្តិឆ្នាំ២០២៤-២០២៥។
លោកស្រីបណ្ឌិត ជា សិរី បានអបអរសាទរដល់ក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការចូលរួមពង្រឹងស្ថិរភាព ភាពធន់ និងនិរន្តរភាព នៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដល់សមាគមធនាគារនៅកម្ពុជាដូចខាងក្រោម៖
១៖ បង្កើនការផ្សព្វផ្សាយសមិទ្ធផលនៃវិស័យធនាគារ និងហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ។
២៖ បន្តពង្រឹងការប្រតិបត្តិវិធានទីផ្សារ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងស្វ័យបញ្ញត្តិ និងពង្រឹងការសហការរវាងសមាជិក និងសមាជិកឱ្យបានប្រសើរ។
៣៖ បន្តចូលរួម និងពង្រីកវិសាលភាពការលើកកម្ពស់ ចំណេះដឹងហិរញ្ញវត្ថុ និងអប់រំផ្នែកសុវត្ថិភាពសាយប័រ (Cybersecurity) ដល់សាធារណជនឱ្យបានទូលំទូលាយ។
៤៖ ពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ជាមួយនឹងដៃគូរពាក់ព័ន្ធ។
៥៖ ដាក់ចេញផែនការសកម្មភាពអាទិភាព ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់សមាជិករបស់ខ្លួន។
លោក រ័ត្ន សោភ័ណ បានជម្រាបជូនលោកស្រីបណ្ឌិតអគ្គទេសាភិបាលអំពី អាទិភាពរបស់សមាគមធនាគារនៅកម្ពុជា នាអាណត្តិថ្មីនេះរួមមាន៖
១៖ ការបន្តពង្រឹងលើអភិបាលកិច្ច និងមុខងារសមាគម។
២៖ ការអនុវត្តវិធានទីផ្សារ (Market Conduct)។
៣៖ បន្តអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងស្វ័យបញ្ញត្តិដែលចេញដោយសមាគម។
៤៖ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ។
៥៖ ការបន្តពង្រឹងកិច្ចការទំនាក់ទំនងសាធារណៈ៕