(កូឡាឡាំពូ)៖ ប្រតិបត្តិករអាកាសចរណ៍ម៉ាឡេស៊ី Capital A ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន AirAsia បានប្រកាសកិច្ចព្រមព្រៀងមួយតម្លៃ ៦,៨ពាន់លានរីងហ្គីត (១,៤២ពាន់លានដុល្លារ) កាលពីថ្ងៃព្រហស្បតិ៍ដើម្បីបង្កើតក្រុមហ៊ុនថ្មីមួយ និងដើម្បីសម្រួលប្រតិបត្តិការតាមរយៈការច្របាច់បញ្ចូលគ្នានូវក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗដែលស្ថិតក្រោមចំណុះរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអាកាសចរណ៍ផ្លូវឆ្ងាយ AirAsia X នឹងកាន់កាប់អាជីវកម្មអាកាសចរណ៍របស់ក្រុមហ៊ុន Capital A ហើយនៅទីបំផុតបង្កើតក្រុមហ៊ុនថ្មីមួយដែលប្រើប្រាស់ឈ្មោះចុះបញ្ជីរបស់ក្រុមហ៊ុន AirAsia X។
អាជីវកម្មអាកាសចរណ៍របស់ក្រុមហ៊ុន Capital A រួមមានក្រុមហ៊ុនអាកាសចរណ៍ AirAsia Bhd និង AirAsia Aviation Group។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Capital A រលាស់ខ្លួនចេញពីបំណុលធំៗទាក់ទងនឹងក្រុមហុនអាកាសចរណ៍ដែលខ្លួនកំពុងលក់ចេញ។
បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមហ៊ុន Capital A បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុនអាកាសចរណ៍ថ្មីដែលច្របាច់បញ្ចូលគ្នានេះនឹងត្រូវបានដាក់ឈ្មោះថា AirAsia Group ។
ក្រុមហ៊ុន AirAsia X បានឱ្យដឹងថា៖ «ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះនឹងដំណើរការ និងផ្តល់វិសាលភាពពេញលេញដោយមានទាំងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសតម្លៃទាបក្នុងរយៈចម្ងាយជិត មធ្យម និងឆ្ងាយ ជាមួយនឹងជើងហោះហើរក្នុងស្រុក និងជើងហោះហើរអន្តរជាតិពីម៉ាឡេស៊ី ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី និងកម្ពុជា ទៅកាន់ប្រទេសគោលដៅជាច្រើន»។
ក្រុមហ៊ុនថ្មីនេះក៏គ្រោងនឹងអនុវត្តការលក់ភាគហ៊ុនជាលក្ខណៈឯកជនផងដែរដើម្បីប្រមូលប្រាក់ចំនួន ១ពាន់លានរីងហ្គីត ដោយប្រាក់នេះនឹងត្រូវប្រើប្រាស់សម្រាប់គ្រប់គ្រងបំណុល និងទិញយន្តហោះថ្មីនិងគ្រឿងចក្រថ្មី។
សម្រាប់ការទិញយកក្រុមហ៊ុន AirAsia Bhd ក្រុមហ៊ុន AirAsia Group នឹងមិនចាំបាច់បង់ថ្លៃទិញណាមួយឡើយ ដោយសារក្រុមហ៊ុន Capital A នឹងផ្ទេរបំណុលដែលខ្លួនជំពាក់ទៅឱ្យក្រុមហ៊ុន AirAsia Bhd។ ក្រុមហ៊ុន Capital A រំពឹងថានឹងកត់ត្រាប្រាក់ចំណូលចំនួន ១០,៧៦ពាន់លានរីងហ្គីតពីការលក់ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕