(ភ្នំពេញ)៖ ការវិវត្តិនៃបច្ចេកវិទ្យា បានធ្វើឱ្យមធ្យោបាយនៃការផ្តល់ឥណទានកាន់តែងាយស្រួល ដោយបច្ចុប្បន្ននេះ មានបណ្តាធនាគារមួយចំនួន បានធ្វើទំនើបប្រព័ន្ធផ្តល់កម្ចីរបស់ខ្លួន ដើម្បីឱ្យអ្នកដែលចង់បានកម្ចីជាពិសេសម្ចាស់អាជីវកម្មខ្នាតតូច អាចស្នើសុំតាមកម្ចីតាមប្រព័ន្ធនេះ ដែលមានងាយស្រួល និងលឿនជាងមុខ ខណៈធនាគារចំណាយថ្លៃដើមតិច និងអាចទំនាក់ទំនងទៅអតិថិជនបានច្រើន។
លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារ SME បានថ្លែងថា ស្របពេលដែលធ្វើធនាគារមួយចំនួន បានជំរុញការផ្តល់កម្ចីតាមរយៈឌីជីថល អាជីវករ ឬម្ចាស់អាជីវកម្មខា្នតតូចក៏គួរសូត្របន្ថែមបង្កើនចំណេះដឹងរបស់ខ្លួន លើជំនាញឌីជីថល ដើម្បីងាយស្នើសុំកម្ចី តាមរយៈទូរស័ព្ទផង និងដើម្បីភាពងាយចម្រើននៃអាជីវកម្មរបស់ខ្លួនផងដែរ។
លោកបានកត់សម្គាល់ថា ម្ចាស់អាជីវកម្មខ្នាតតូច ឬអ្នករកស៊ីតូចតាច មានបញ្ហាប្រឈមច្រើនក្នុងការទទួលបានកម្ចីផ្លូវការពីស្ថាប័នធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដោយសារតែទំហំកម្ចីរបស់ពួកគេតួចពេកដែលធនាគារមួយចំនួនហាក់មិនសូវចង់ផ្តល់កម្ចីនោះឡើយ ព្រោះតែការចំណាយទៅលើប្រតិបត្តិការឬបុគ្គលិកច្រើនជាង លទ្ធភាពដែលពួកគេទទួលបានចំណេញពីអតិថិជនប្រភេទខ្នាតតូច។
យ៉ាងនេះក្តី ការដាក់ឱ្យដំណើរការនូវប្រព័ន្ធផ្តល់កម្ចីឌីជីថល នឹងធ្វើឱ្យម្ចាស់អាជីវកម្មខ្នាត កាន់តែងាយស្រួលក្នុងការទទួលហិរញ្ញប្បទាន សម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន។
លោកមានប្រសាសសន៍ថា «រាជរដ្ឋាភិបាលបានធ្វើសកម្មភាពមួយចំនួន ដើម្បីជំរុញការងារនេះហើយ ស្របពេលធនាគារ សមាគមមួយចំនួនក៏បានធ្វើសកម្មភាពរួចហើយ។ ហេតុនេះហើយអ្នករកស៊ី ក៏ដូចជាម្ចាស់អាជីវកម្មមួយចំនួន គួរតែលះបង់ពេលវេលា ដើម្បីទៅសិក្សាបន្ថែមបង្កើនចំណេះដឹងទៅលើឌីជីថល»។
លោកលើកឡើងថា ដើម្បីធានាថាលទ្ធភាពនៃការទទួលបានហិរញ្ញប្បទានកាន់តែខ្ពស់ ភាគីពាក់ព័ន្ធទាំងស្ថាប័នធនាគារ និងអ្នកចង់ទទួលបានកម្ចីត្រូវតែរួមគ្នា ជំរុញការងារនេះ ព្រោះប្រភពទុនទាំងខ្នាតតូច និងខ្នាតធំ គឺសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្ម ដើម្បីធានានូវនិរន្តភាព និងភាពរីកចម្រើននៃអាជីវកម្មរបស់ខ្លួន។
លោកបន្ថែមថា ប្រសិនបើម្ចាស់អាជីវកម្ម មិនរៀនសូត្របន្ថែមទាក់នឹងចំណេះបច្ចេកវិទ្យានេះ ពួកគេនឹងនៅតែប្រឈម ក្នុងការទទួលបានកម្ចី។ ហើយនាពេលខាងមុន ប្រសិនបើបច្ចេកវិទ្យាកាន់តែវិវត្តខ្លាំង ប្រព័ន្ធធនាគារអាចនឹងមិនចំណាយបុគ្គលិក ទៅផ្តល់កម្ចីលក្ខណៈខ្នាតតូច ដូចមុន និងបច្ចុប្បន្ននោះឡើយ៕