(ហូជីមិញ)៖ ក្រុមហ៊ុនចិន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុត ក្នុងពិភពលោកចង់ចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម នៅពេលក្រុមហ៊ុនដាក់លក់រថយន្តនៅវៀតណាម ក្នុងខែមិថុនាខាងមុខ ជាជាងប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្ស ក្នុងស្រុកមួយនេះ។ នេះបើយោងតាមកាសែត VN Express។
កាសែតរបស់វៀតណាមមួយនេះ បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Liu Xue Liang អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកផ្នែកលក់រថយន្ត នៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD ខណៈថ្លែងនៅក្នុងកិច្ចប្រជុំមួយ កាលពីសប្តាហ៍មុនជាមួយប្រព័ន្ធផ្សព្វផ្សាយវៀតណាមថា ក្រុមហ៊ុនគ្រោងបើកដំណើរការបន្ទប់តាំងបង្ហាញរថយន្តដំបូងរបស់ខ្លួន នៅវៀតណាមក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញក្នុងខែមិថុនាឆ្នាំនេះ ហើយឆាប់ៗនឹងពង្រីកទៅខេត្តនិងក្រុងចំនួន ២០ផ្សេងទៀត។
លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុន BYD កោតសរសើរយ៉ាងខ្លាំងចំពោះក្រុមហ៊ុន VinFast សម្រាប់ការត្រួសត្រាយផ្លូវ ក្នុងការដាក់លក់រថយន្ត EV នៅក្នុងប្រទេសវៀតណាម។ យើងចង់សហការជាជាងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្ត VinFast ដើម្បីអភិវឌ្ឍរថយន្តអគ្គិសនី ដោយសារទីផ្សារ [រថយន្តអគ្គិសនីវៀតណាម] នៅដំណាក់កាលចាប់ផ្តើមនៅឡើយ»។
ការចែកចាយរថយន្តរបស់ក្រុមហ៊ុន BYD នៅវៀតណាមនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ BYD Auto Vietnam។ លោក Ouyang Xiaocheng នាយកប្រតិបត្តិក្រុមហ៊ុន BYD Auto Vietnam បាននិយាយថា ការពិតដែលថា ម៉ាកយីហោកាន់តែច្រើនចូលប្រទេសវៀតណាម គឺជាភស្តុតាងដែលបង្ហាញថា ទីផ្សារមានភាពទាក់ទាញខ្លាំង។
ក្រុមហ៊ុន BYD នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសវៀតណាម ជាមួយនឹងរថយន្តតូចម៉ូដែល Dolphin រថយន្ត Atto 3 និងរថយន្ត Seal ខ្នាតមធ្យម។ ប្រសិនបើការលក់រថយន្តទាំងនេះទទួលបានជោគជ័យ ក្រុមហ៊ុននឹងចេញលក់ម៉ូដែលបីទៀតនៅដំណាច់ឆ្នាំនេះគឺរថយន្ត Han, រថយន្តកូនកាត់ Song និងរថយន្តខ្នាតមធ្យម Tang។
រថយន្តទាំងនេះនឹងត្រូវនាំចូលពីប្រទេសចិន។ ប៉ុន្តែក្នុងរយៈពេលវែង ក្រុមហ៊ុនគ្រោងនឹងសាងសង់រោងចក្រនៅប្រទេសវៀតណាម។
ប្រភពដែលបានដឹងពីកិច្ចការបានប្រាប់កាសែត VnExpress ថា ក្រុមហ៊ុនមិនទាន់បង្ហាញតម្លៃនៅឡើយ ប៉ុន្តែអ្នកតំណាងរបស់ក្រុមហ៊ុនបាននិយាយថា រថយន្តទាំងនេះមានបំណងប្រកួតប្រជែងជាមួយនឹងរថយន្តប្រើម៉ាស៊ីន ចំហេះជាជាងប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីទាំងអស់ របស់ក្រុមហ៊ុន Vinfast ដោយសារអាទិភាពរបស់ក្រុមហ៊ុន BYD គឺជួយសម្រួលដល់ការផ្លាស់ប្តូរពីសាំងទៅអគ្គិសនី៕