(បាងកក)៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) ឱ្យដឹងថា ជម្លោះប្រដាប់អាវុធរវាងរបបយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចអាចកាត់បន្ថយតម្លៃពាណិជ្ជកម្ម តាមព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ាចំនួន ៤០%។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
មីយ៉ាន់ម៉ានាំចូលផលិតផលប្រើប្រាស់ និងថាមពលជាចម្បង តាមរយៈច្រកព្រំដែនមីយ៉ាវ៉ាឌី (Myawaddy) ជាប់និងស្រុកមែស៊ុតក្នុងខេត្តតាករបស់ប្រទេសថៃ។ ផ្លូវហាយវេអាស៊ានឆ្លងកាត់ទីក្រុងនេះ ភ្ជាប់ខេត្តតាករបស់ថៃ និងទីក្រុងយ៉ាងហ្គូនរបស់មីយ៉ាន់ម៉ា។
លោក Suriyon Tuchinda ប្រធានអនុគណៈកម្មាធិការពាណិជ្ជកម្មព្រំដែន ស្ថិតក្រោមសហព័ន្ធ FTI បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា៖ «ពាណិជ្ជកម្មព្រំដែនសរុបរវាងប្រទេសថៃ និងមីយ៉ាន់ម៉ាមានតម្លៃជាង ១០០ពាន់លានបាតក្នុងមួយឆ្នាំ។ ពាណិជ្ជកម្មនឹងរងគ្រោះប្រសិនបើជម្លោះអូសបន្លាយ»។
លោកបាននិយាយថា លោកសង្ឃឹមថា របបយោធា និងក្រុមជនជាតិភាគតិចការ៉ែន អាចស្វែងរកដំណោះស្រាយ ចំពោះការប្រឈមមុខដាក់គ្នាចុងក្រោយរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច។
ក្រសួងពាណិជ្ជកម្មថៃបានរាយការណ៍ថា ទំនិញនាំចូលធំទាំង១០ របស់មីយ៉ាន់ម៉ាពីប្រទេសថៃនៅចន្លោះខែមករា ដល់ខែកុម្ភៈមានចំនួន ២៧,៥ពាន់លានបាត ធ្លាក់ចុះ ០,១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមសហព័ន្ធ FTI ពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ាមានចំនួន ២៤% នៃពាណិជ្ជកម្មព្រំដែនសរុបរបស់ប្រទេសថៃ ខណៈដែលពាណិជ្ជកម្មតាមព្រំដែនជាមួយម៉ាឡេស៊ីមាន ៣១% ឡាវ ២៨% និងកម្ពុជាមាន ១៧%។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕