(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រគល់វិញ្ញាបនបត្រប្រតិបត្តិការផ្លូវអាកាស(AOC ) និងវិញ្ញាបនបត្ររោងជាងជួសជុស(AMO) យន្តហោះដល់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដើម្បីឱ្យក្រុមហ៊ុននេះចាប់ផ្តើមប្រតិបត្តិការហោះហើរស្របតាមច្បាប់ បទបញ្ញត្តិ និង លក្ខណ្ឌតម្រូវការ របស់កម្ពុជា និងឈានទៅសម្ពោធជើងហោះហើរក្នុងស្រុក ជាផ្លូវការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថាបន្ទាប់ពីសម្ពោធជើងហោះហើរក្នុងស្រុកជាផ្លូវការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ បើគ្មានអ្វីប្រែប្រួលទេនោះ ក្រុមហ៊ុននេះនឹងចាប់ផ្តើមហោះហើរចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។
លោកបានលើកឡើងថា តាមរយៈការបើកជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុន AirAsia នឹងជំរុញនូវកំណើនជើងហោះហើរ និងចំនួនអ្នកដំណើរក្នុងស្រុកឱ្យកើនឡើង ស្របពេលដែលតម្លៃនៃការហោះហើររបស់ក្រុមហ៊ុននេះស្ថិតក្នុងកម្រិតទាបសមរម្យ ដែលប្រជាជនកម្ពុជាមួយចំនួនមានលទ្ធភាពអាចធ្វើដំណើរតាមផ្លូវអាកាសបាន។
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា នឹងធ្វើការហោះហើរទៅមករវាងភ្នំពេញ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ៕