(សិង្ហបុរី)៖ សារព័ត៌មាន Channel NewsAsia (CNA) បានរាយការណ៍ថា ធនាគារសិង្ហបុរី Bank of Singapore ដែលជាដៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ Oversea-Chinese Banking Corp (OCBC) បានបណ្តេញនិយោជិតរហូតដល់ ៤០នាក់ជុំវិញការប្រើប្រាស់អត្ថប្រយោជន៍វេជ្ជសាស្រ្តខុសគោលការណ៍។
ប្រភពដែលដឹងពីករណីនេះបានប្រាប់កាសែត CNA ថា បុគ្គលិករាប់រយនាក់មានការពាក់ព័ន្ធក្នុងការស៊ើបអង្កេតដែលបានចាប់ផ្តើមកាលពីឆ្នាំមុនជុំវិញការប្រើប្រាស់អត្ថប្រយោជន៍ធានារ៉ាប់រងខុសគោលការណ៍ ដែលការប្រើប្រាស់នោះហួសព្រំដែនរហូតដល់ទំនិញដែលមិនស្របច្បាប់ដូចជាផលិតផលថែរក្សាស្បែក អាហារបំប៉ន ច្រាសដុសធ្មេញ និងសំបុកត្រចៀកកាំជាដើម។
ព័ត៌មាននេះត្រូវបានរាយការណ៍ជាលើកដំបូងដោយក្រុមហ៊ុន eFinancialCareers ដែលបានឱ្យដឹងថា បុគ្គលិកត្រូវបានបណ្តេញចេញពីការងារកាលពីសប្តាហ៍មុន។
អ្នកនាំពាក្យរបស់ធនាគារ Bank of Singapore បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃសៅរ៍ថា៖ «នៅទីណាដែលមានការចោទប្រកាន់ថាមានការប្រព្រឹត្តខុស នៅទីនោះនឹងមានការស៊ើបអង្កេត និងត្រួតពិនិត្យយោងតាមក្របខណ្ឌវិន័យនិងស៊ើបអង្កេតរបស់ធនាគារដោយធានាបាននូវដំណើរការប្រកបដោយយុត្តិធម៌ និងរឹងមាំ»។
អ្នកនាំពាក្យរូបនេះបានថ្លែងថា៖ «បុគ្គលិកដែលពាក់ព័ន្ធនឹងត្រូវបានផ្តល់ពេលនិងឱកាសឱ្យនិយាយអ្វីដែលកើតឡើង។ ប្រសិនបើមានការរកឃើញកំហុសណាមួយបន្ទាប់ពីបញ្ចប់ការស៊ើបអង្កេត និងការសាកសួរផ្នែកវិន័យដែលចាំបាច់ នោះវិធានការវិន័យសមស្របនឹងត្រូវធ្វើឡើង»។
យោងតាមសេចក្តីរាយការណ៍របស់កាសែត CNA និយោជិតត្រូវបានប្រាប់ឱ្យសងប្រាក់ដែលបានចាយខុសគោលការណ៍នោះវិញ ហើយក្នុងករណីធ្ងន់ធ្ងរជាងនេះ វាបានប៉ះពាល់ដល់ប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភចំណាយលើការរស់នៅដែលផ្តល់ជូនបុគ្គលិកថ្នាក់ទាបនៅទូទាំងធនាគារ OCBC។
ការស៊ើបអង្កេតនេះមានការពាក់ព័ន្ធនឹងផែនការធានារ៉ាប់រងដែលអនុញ្ញាតឱ្យនិយោជិតចាយប្រាក់រហូតដល់ ១០ ៥០០ដុល្លារសិង្ហបុរីសម្រាប់ថ្លៃវេជ្ជសាស្រ្តនិងទន្តសាស្រ្ត។ ធនាគារ OCBC ក៏កំពុងស៊ើបអង្កេតដោយខ្លួនឯងលើបញ្ហានេះផងដែរ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត CNA៕