(ហ្សាការតា)៖ រដ្ឋមន្ត្រីឥណ្ឌូណេស៊ីមួយរូប បានឱ្យដឹងនៅសប្តាហ៍នេះថា ប្រទេសឥណ្ឌូណេស៊ីអាចផ្តល់សញ្ជាតិទីពីរ ដល់ប្រជាជនដើមកំណើតឥណ្ឌូនេស៊ី ដែលរស់នៅក្រៅប្រទេស ដើម្បីទាក់ទាញកម្លាំងពលកម្មជំនាញបន្ថែមទៀត ចូលទៅក្នុងប្រទេស។ នេះបើយោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ឥណ្ឌូណេស៊ីមិនទទួលស្គាល់សញ្ជាតិពីរ សម្រាប់មនុស្សពេញវ័យទេ យោងតាមច្បាប់របស់ប្រទេសនេះ ដោយកុមារដែលមានលិខិតឆ្លងដែនពីរ ត្រូវជ្រើសរើសយកមួយ ហើយបោះបង់ចោលសញ្ជាតិមួយទៀត នៅពេលពួកគេមានអាយុ ១៨ឆ្នាំ។
លោក Luhut Pandjaitan រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការបរទេស និងការវិនិយោគត្រូវបានដកស្រង់សម្ដី ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលគ្រោងនឹងផ្តល់សញ្ជាតិពីរ ដល់អតីតពលរដ្ឋឥណ្ឌូនេស៊ី ដែលកំពុងរស់នៅក្រៅប្រទេស តែលោកមិនបានផ្តល់ព័ត៌មានលម្អិតទេ។
ការថ្លែងរបស់លោក Luhut បានធ្វើឡើងនៅចំពោះមុខនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella ដែលបានសន្យាវិនិយោគ ១,៧ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
លោកបានមានប្រសាសន៍ថា៖ «យើងក៏អញ្ជើញជនភៀសខ្លួនឥណ្ឌូណេស៊ី ហើយក្នុងពេលឆាប់ៗនេះ យើងនឹងផ្តល់ឱ្យពួកគេផងដែរនូវសញ្ជាតិពីរ ដែលខ្ញុំគិតថានឹងនាំជនជាតិឥណ្ឌូណេស៊ីដ៏ប៉ិនប្រសប់ត្រឡប់ មកឥណ្ឌូណេស៊ីវិញ»។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទិន្នន័យរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់ឥណ្ឌូណេស៊ីបានបង្ហាញថា ប្រជាជនឥណ្ឌូណេស៊ីជិត ៤ពាន់នាក់បានក្លាយជាពលរដ្ឋសិង្ហបុរីចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។
បញ្ហាសញ្ជាតិពីរនេះ បានបង្កឱ្យមានភាពចម្រូងចម្រាសខ្លះៗនៅក្នុងឆ្នាំ២០១៦ នៅពេលដែលប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានដកលោក Arcandra Tahar ចេញពីដំណែងជារដ្ឋមន្ត្រីក្រសួងថាមពលនិងរ៉ែ បន្ទាប់ពីបំពេញការងារតិចជាងមួយខែក្រោយ មានសេចក្តីរាយការណ៍ថា គាត់បានកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិកនិងឥណ្ឌូណេស៊ី៕