(ម៉ាឡេស៊ី)៖ សហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ធ្វើដំណើរទស្សនកិច្ចរឹតចំណងសាមគ្គីភាព ជាមួយក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រីកសក្តានុពលនៃការនាំចេញបន្ថែមទៀត នូវអង្ករកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី។
ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ីដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និង លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានដឹកនាំប្រតិភូសមាជិក សមាជិកាចំនួន ១៦រូប មកពី ១០ក្រុមហ៊ុន ដើម្បីធ្វើទស្សនកិច្ចរឹតចំណងសាមគ្គីភាពបន្ថែមទៀត ជាមួយក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី Padiberas Nasional Bhd (BERNAS) ដែលជាក្រុមហ៊ុនផ្តាច់មុខលើការនាំចូល និងក្រុមហ៊ុនទទួលចែកចាយបន្តនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រីកសក្តានុពលនៃការនាំចេញបន្ថែមទៀតនូវអង្ករកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី។
ប្រទេសម៉ាឡេស៊ី ជាប្រទេសធំទី៣ ដែលកម្ពុជាបាននាំចេញប្រចាំឆ្នាំ មានបរិមាណប្រមាណជាជាង ៥ម៉ឺនតោន ដែលអង្ករទាំងនោះគី ៩៥%ជាអង្ករក្រអូប (អង្ករផ្ការំដួល និង សែនក្រអូប)។
ក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ប្រទេសម៉ាឡេស៊ីបានលើកឡើង និងកោតសរសើរអំពីគុណភាពអង្ករកម្ពុជា ដែលប្រជាជនប្រទេសម៉ាឡេស៊ី ចាប់ផ្តើមពេញនិយម និងកំពុងប្រើប្រាស់មានកំណើនជាមធ្យមជាង ១០% ប្រចាំឆ្នាំ។
ជាក់ស្តែងឆ្នាំ២០២៣ ធ្វើការនាំចូលប្រមាណជា ៥១ ១៨៤ តោន ដែលគិតជាទឹកប្រាក់មានចំនួន ជាង៣៦ លានដុល្លារសហរដ្ឋអាមេរិក។
ប្រទេសកម្ពុជាជាប្រទេសធំទី៥ ដែលប្រទេសម៉ាឡេស៊ី បាននាំចូលក្នុងចំណោមប្រទេសទាំង១២។
សម្រាប់ប្រទេសកម្ពុជា អង្ករពូជស្រូវផ្ការំដូល និងសែនក្រអូបគឺ ជាអង្ករដែលល្អសម្រាប់ទីផ្សារប្រទេសនេះ ហើយភាគីប្រទេសម៉ាឡេស៊ី សូមសំណូមពរឱ្យប្រទេសកម្ពុជា ផលិតអង្ករប្រភេទនេះ ឱ្យបានកាន់តែច្រើនថែមទៀត ហើយភាគីប្រទេសម៉ាឡេស៊ី សន្យានឹងដឹកនាំក្រុមហ៊ុននានាដែលជាក្រុមហ៊ុននាំចូលអង្ករ មកទស្សនកិច្ចសិក្សាដល់រោងម៉ាស៊ីនស្រូវនៅកម្ពុជាបន្ថែមទៀត នាពេលដ៏ខ្លីខាងមុខ ជាពិសេសនៅក្នុងខែកញ្ញា ជារដូវប្រមូលផលស្រូវមិនប្រកាន់ដូវវគ្គទី២ ផងដែរ៕