(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានដាក់ក្ដីរំពឹងថា នឹងមានអ្នកវិនិយោគ ចូលមកវិនិយោគកាន់តែច្រើន លើការកែច្នៃកសិកម្ម ដើម្បីទទួលបាននូវតម្លៃបន្ថែម ក៏ដូចជាបង្កើតការងារ និងប្រាក់ចំណូល ជូនដល់ប្រជាពលរដ្ឋ។
ការរំពឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឃឹម ហ្វីណង់ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព័ត៌មានទីផ្សារកសិកម្ម លើតម្រូវការដាំដុះ» ក្នុងកម្មវិធី FRESH BUSINESS។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលដែលយើងនាំចេញ ទាំងមិនទាន់បានកែច្នៃ យើងបាត់នូវតម្លៃបន្ថែម ហើយតម្លៃបន្ថែមនេះ មានគុណសម្បត្ដិច្រើន ដោយសារតែវាបានបង្កើតជាការងារ ជាប្រាក់ចំណូលបន្ថែម [...] យើងរំពឹងថា នឹងមានអ្នកវិនិយោគ គាត់ចូលមកវិនិយោគរឹតតែច្រើន ជាពិសេសលើការកែច្នៃ»។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា ដើម្បីរុញការងារនេះ ក្រសួងកសិកម្ម បានធ្វើលើកិច្ចការងារមួយចំនួន រួមមាន៖ ជំរុញនូវការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការបង្កនូវបរិយាកាសច្បាស់លាស់មួយ ជូនអ្នកវិនិយោគ ដើម្បីឲ្យគាត់អាចធ្វើការងារនេះបាន៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងរបស់លោក ឃឹម ហ្វីណង់៖