(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម បានបញ្ជាក់ថា ក្រសួងកសិកម្មបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយដល់កសិករ ជាពិសេសកសិករខ្នាតតូចលក្ខណៈគ្រួសារ ដើម្បីឱ្យពួកគាត់ទទួលបានការការពារ ពីហានិភ័យពីការខ្វះទីផ្សារ បញ្ហាប្រែប្រួលអាកាសធាតុ ការខ្វះទុន និងបញ្ហាប្រឈមផ្សេងៗទៀត។
លោក ឃឹម ហ្វីណង់ អះអាងបែបនេះធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ដែលពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព័ត៌មានទីផ្សារកសិកម្ម លើតម្រូវការដាំដុះ» របស់បណ្តាញទូរទស្សន៍ Fresh News។
លោកបានគូសបញ្ជាក់ថា គោលនយោបាយធំៗរបស់រាជរដ្ឋាភិបាលនាពេលថ្មីនេះ ទាំងការពង្រាយមន្រ្តីកសិកម្មទៅដល់មូលដ្ឋានឃុំ ទាំងកម្មវិធីផ្តល់ហិរញ្ញប្បទានស្ថេរភាពថ្លៃ និងសហគមន៍កសិកម្មទំនើបជាដើម គឺដើម្បីធ្វើឱ្យកសិករខ្នាតតូច ទទួលបានការការពារបន្ថែម ក្នុងនោះមានហានិភ័យទុន ទីផ្សារ និងហានិភ័យពីការប្រែប្រួលអាកាសធាតុជាដើម ។
លោកបានពន្យល់បន្ថែមថា «ដំណោះស្រាយមួយដែលយើងអាចធ្វើបាន គឺពុកម៉ែបងប្អូនដែលជួបការលំបាក ធ្វើជាលក្ខណៈគ្រួសារ ធ្វើទៅមិនទទួលបានប្រាក់ចំណេញ។ ទី១.សូមពិចារណាចងក្រងជាសហគមន៍ ហើយក្រសួងកសិកម្មបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់ពុកម៉ែ បងប្អូន ធ្វើយ៉ាងណាឱ្យគាត់ទទួលបានការការពារ ពីហានិភ័យពីការខ្វះទីផ្សារ បញ្ហាប្រែប្រួលអាកាសធាតុ ការខ្វះទុន ឬក៏បញ្ហាប្រឈមផ្សេងៗ»។
ទន្ទឹមគ្នានេះ លោកបានស្នើឱ្យកសិករធ្វើការ ឱ្យបានជាប់ជាប្រចាំជាមួយមន្រ្តីកសិកម្មឃុំ ដែលបានដាក់ពង្រាយ ដោយមន្រ្តីកសិកម្មឃុំទាំងនោះនឹងផ្តល់ព័ត៌មានជាច្រើនដល់កសិករ ហើយប្រមូលព័ត៌មានត្រឡប់មកក្រសួងវិញ។ លោកជំរុញឱ្យកសិករស្តាប់ការណែនាំរបស់រដ្ឋាភិបាល តាមរយៈមន្រ្តីកសិកម្មឃុំ ដោយក្រសួងនឹងមានយន្តការ ជួយរកដំណោះស្រាយល្អដល់ពួកគាត់បាន។ ក្រសួងនឹងព្យាយាមប្រឹងប្រែងធ្វើជាមួយកសិករ ព្រោះក្រសួងដឹងថាកសិករត្រូវការក្រសួងឱ្យជួយ ហើយក៏ជាតួនាទីរបស់ក្រសួង ដែលត្រូវតែជួយដល់កសិករផងដែរ៕
សូមទស្សនាការលើកឡើងបន្ថែមរបស់ លោក ឃឹម ហ្វីណង់ ដូចតទៅ៖