(ហូជីមិញ)៖ វៀតណាមរំពឹងថានឹងផលិតស្រូវបានចំនួន ៤៣លានតោននៅឆ្នាំនេះ ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនាំចេញអង្ករជាង ៨លានតោននិងការប្រើប្រាស់ក្នុងស្រុក។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។
កាសែត VN Express បានរាយការណ៍ថា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០២៤ វៀតណាមរកចំណូលបាន ២,០៨ពាន់លានដុល្លារពីការនាំចេញអង្ករចំនួន ៣,២៣លានតោនទៅបរទេស កើនឡើង ៣៦,៥% បើគិតជាតម្លៃ និង ១១,៧% បើគិតជាបរិមាណធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការកើនឡើងតម្លៃកើតមានឡើងដោយសារកំណើនតម្លៃអង្ករ ដែលបាននាំចេញចំនួន២២,២% ដល់ ៦៤៤ដុល្លារក្នុងមួយតោនចាប់តាំងពីដើមឆ្នាំនេះ។
យោងតាមកាសែត VN Express របាយការណ៍នានា នៅក្នុងសន្និសីទនាពេលថ្មីៗនេះ ស្តីពីការនាំចេញអង្ករនៅទីក្រុងកាន់ថឺ ស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គបង្ហាញថា ដោយសារឥទ្ធិពលអ៊ែលនីញ៉ូ និងបម្រែបម្រួលអាកាសធាតុ ទិន្នផលស្រូវសកលក្នុងដំណាំឆ្នាំ២០២៣-២០២៤ ត្រូវបានព្យាករថានឹងធ្លាក់ចុះដល់ជិត ៥១៨លានតោន ខណៈដែលតម្រូវការប្រើប្រាស់មានចំនួន ៥២៥លានតោន ដែលមានន័យថាពិភពលោកនឹងប្រឈមការខ្វះខាតស្រូវប្រហែល ៧លានតោននៅឆ្នាំនេះ។
បរិមាណអង្ករសរុបសម្រាប់ការនាំចេញ នៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ដែលជាមជ្ឈមណ្ឌលផលិតស្រូវធំបំផុត របស់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៤ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងដល់ប្រហែល ៧,៦លានតោន៕