(អ៊ីស្តង់ប៊ុល)៖ ប្រទេសតួកគីបានឱ្យដឹងនៅថ្ងៃសុក្រថា ខ្លួននឹងមិនបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីស្រាអែលទៀតឡើយ រហូតទាល់តែមានបទឈប់បាញ់ ហើយជំនួយមនុស្សធម៌ត្រូវបានធានានៅតំបន់ហ្គាហ្សា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការផ្អាកធ្វើពាណិជ្ជកម្មដែលមានតម្លៃ ៧ពាន់លានដុល្លារក្នុងមួយឆ្នាំនេះ គឺជាលើកដំបូងដែលធ្វើឡើងដោយដៃគូពាណិជ្ជកម្មសំខាន់របស់អ៊ីស្រាអែល ដោយសារជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។
រដ្ឋមន្ត្រីពាណិជ្ជកម្មតួកគីលោក Omer Bolat ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងថា «អាកប្បកិរិយាមិនសម្របសម្រួល» របស់អ៊ីស្រាអែល និងស្ថានភាពកាន់តែអាក្រក់ នៅក្នុងតំបន់រ៉ាហ្វាស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលបានគម្រាមបើកការវាយលុកថ្មី បានជំរុញឱ្យតួកគីបញ្ឈប់ការនាំចេញ និងការនាំចូលទាំងអស់។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz បានរិះគន់ចំណាត់ការរបស់ប្រធានាធិបតីតួកគីលោក Tayyip Erdogan ដែលបានប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ លោកថ្លែងថា ការផ្អាកពាណិជ្ជកម្មនេះបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ និងជា «របៀបដែលជនផ្តាច់ការប្រព្រឹត្ត»។
រដ្ឋមន្ត្រី Bolat បានមានប្រសាសន៍ថា៖ «យើងបានសម្រេចចិត្តបញ្ឈប់ការនាំចេញនិងការនាំចូលទៅកាន់ និងមកពីប្រទេសអ៊ីស្រាអែលរហូតដល់មានការសម្រេច បានបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ (នៅហ្គាហ្សា) ហើយជំនួយមនុស្សធម៌ត្រូវបានអនុញ្ញាតដោយគ្មានការរំខាន»។
លោកបានបន្ថែមថា តួកគីកំពុងចរចា «ជាមួយបងប្អូនប៉ាឡេស្ទីនរបស់យើងលើការរៀបចំជំនួសនានាដើម្បីធានាថា ពួកគេមិនរងប៉ះពាល់ដោយការសម្រេចចិត្តនេះទេ»។
កាលពីខែមុន ប្រទេសតួកគីបានទប់ស្កាត់ការនាំចេញដែកថែប ជី និងឥន្ធនៈយន្តហោះក្នុងចំណោមផលិតផលចំនួន ៥៤មុខ ដោយសារអ៊ីស្រាអែលបានបដិសេធអនុញ្ញាត ឱ្យទីក្រុងអង់ការ៉ាចូលរួមក្នុងប្រតិបត្តិការទម្លាក់ជំនួយ តាមយន្តហោះសម្រាប់តំបន់ហ្គាហ្សា។
ពាណិជ្ជកម្មដែលនៅសេសសល់ទាំងអស់ ដែលមានទំហំទឹកប្រាក់ ៥,៤ពាន់លានដុល្លារក្នុងការនាំចេញរបស់តួកគី និង ១,៦ពាន់លានដុល្លារក្នុងការនាំចូលពីអ៊ីស្រាអែលកាលពីឆ្នាំមុន ឥឡូវនេះត្រូវបានបញ្ឈប់។
ទិន្នន័យពាណិជ្ជកម្មតួកគីបង្ហាញថា ទំនិញនាំចេញធំៗរបស់តួកគីទៅកាន់ប្រទេសអ៊ីស្រាអែល មានដូចជា ដែក យានយន្ត ប្លាស្ទិក ឧបករណ៍អគ្គិសនី និងគ្រឿងម៉ាស៊ីន ខណៈដែលទំនិញនាំចូលគ្របដណ្តប់ដោយប្រេងឥន្ធនៈចំនួន ៦៣៤លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕