(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យកសិករ ដែលមានដីតូចៗ ហើយចង់ធ្វើកសិកម្មបែបពាណិជ្ជកម្ម គួរចងគ្នាជាសហគមន៍ ប្រើប្រាស់ដីជាផលិតកម្មរួម ប្រមូលផ្តុំគ្នារកប្រព័ន្ធគ្រប់គ្រងរួម ដើម្បីជំរុញឱ្យការធ្វើកសិកម្មរបស់ខ្លួន ទទួលបានប្រាក់ចំណញច្រើន ដូចអ្នកដែលមានដីធំៗដែរ។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្មបានឱ្យដឹងថា បច្ចុប្បន្ននេះកសិករនៅកម្ពុជា ប្រមាណ ២លានគ្រួសារដែលមានដីកសិកម្មប្រមាណ ១ហិកតា ក្នុងគ្រួសារ។ ប្រសិនបើកសិករ ក្នុងមួយគ្រួសារមានដីត្រឹមមួយហិកតា ហើយចង់ធ្វើកសិកម្មលក្ខណៈពាណិជ្ជកម្ម ឱ្យទទួលបានប្រាក់ចំណេញច្រើននឹងពិបាកធ្វើទៅរួច និងពិបាកក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារ ព្រោះថ្លៃដើមផលិតខ្ពស់។
តែយ៉ាងណាមិញលោកលើកឡើងថា ក្រុមកសិករតូចៗទាំងនេះនឹងអាចធ្វើកសិកម្មដោយប្រើថ្លៃដើមទាបនិងមានលទ្ធភាពទទួលបានប្រាក់ចំណញច្រើន ដូចអ្នកដែលមានដីធំៗធ្វើលក្ខណៈពាណិជ្ជកម្មដែរ តាមរយៈការចងក្រងគ្នាជាសហគមន៍កសិកម្ម។ ហេតុនេះហើយទើបក្រសួងលើកទឹកចិត្ត ឱ្យកសិករដែលមានដីតូចៗលក្ខណៈគ្រួសារចងក្រងគ្នា ជាសហគមន៍កសិកម្មទំនើប។
លោកបានពន្យល់ថា «ដំណោះស្រាយនៃការងារ គឺសហគមន៍ទំនើប ដែលយើងបង្កើតឡើងជាគោលនយោបាយ មានចេតនាជំរុញថាឱ្យបងប្អូនកសិករដែលមានដីតូចៗ ប្រើប្រាស់ដីរួមគ្នា យកចំណូលរួម ចំណាយរួម រួចហើយបែងចែកប្រាក់ចំណេញរបស់គាត់ ទៅតាមទំហំដីរបស់គាត់រៀងៗខ្លួន គឺប្រាក់ចំណេញរបស់គាត់នឹងច្រើនជាងការ ដែលគាត់ធ្វើជាលក្ខណៈម្នាក់ៗឯង ឬគ្រួសារ»។
លោកបានពន្យល់បន្ថែមទៀតថា កសិករខ្នាតតូចគ្រាន់តែផ្លាស់ប្តូរពីការធ្វើកសិកម្មជាលក្ខណៈគ្រួសារ មកជាធ្វើប្រមូលផ្តុំគ្នា នោះថ្លៃដើមគាត់នឹងធ្លាក់ចុះ។
លោកបន្ថែមថា «ដោយសារតែបើធ្វើមួយហិកតា គាត់ប្រើជី៧ប៉ាវ អ៊ីចឹងបើសិនជាគាត់ទិញជីម្តង ៧ប៉ាវ វាមានតម្លៃខុសពីទិញជីម្តង ៧ពាន់ប៉ាវ ។ អ៊ីចឹងបើកសិករគាត់ធ្វើដាច់ៗគ្នាម្តងមួយហិកតា គាត់ប្រមូលផ្តុំគ្នាម្តងឱ្យបានមួយពាន់ហិកតាទៅ ពេលដែលគាត់ទិញជី គាត់មិនចាំបាច់ទិញម្តង៧ប៉ាវទេ គាត់ទិញម្តង៧ពាន់ប៉ាវតែម្តង ហើយអំណាចនៃការចរចារបស់គាត់ ក៏គាត់ទិញបានក្នុងតម្លៃបោះដុំ។ អ៊ីចឹងហើយបានគោលនយោបាយនៃកសិកម្មទំនើបរបស់យើង គឺលើកទឹកចិត្តថា បងប្អូនទាំងអស់គ្នា គ្រាន់ប្របាច់បញ្ចូលគ្នា បងប្អូនចំណេញបាត់ហើយ ហើយការចំណេញនោះមិនមែនជាទំហំតូចនោះទេ»។
លោកសង្កេតឃើញថា នៅប្រទេសជិតខាងរបស់កម្ពុជា គឺថៃ និងវៀតណាម កសិករលក្ខណៈតូចៗរបស់គេ ក៏ធ្វើកសិកម្មបែបចងក្រងគ្នាជាសហគមន៍ដែរ ។
ស្របពេលដែលក្រសួងជំរុញឱ្យកសិករខ្នាតតូចចងក្រងគ្នាជាសហគមន៍ ក្រសួងក៏ព្យាយាមក្នុងការជួយកាត់បន្ថយថ្លៃដើមនៃថ្លៃផលិតផងដែរ តាមរយៈការកាត់បន្ថយទៅលើធាតុចូលនៃកសិកម្ម ដូចជាជី ថ្នាំកសិកម្ម ពូជជាមួយដើម ។ ជាមួយគ្នានេះ ក៏ពិចារណាក្នុងការកសាងនូវ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម ដូចជាប្រឡាយទឹក ប្រព័ន្ធដឹកជញ្ជូន និងមធ្យោបាយផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យថ្លៃដើមកាន់តែទាប៕