(ហ្សាការតា)៖ ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ីលោក Perry Warjiyo បាននិយាយកាលពីថ្ងៃពុធថា មានការមើលឃើញលំហូរចូលមូលធនកាន់តែច្រើនចាប់តាំងពីធនាគារកណ្តាលឥណ្ឌូណេស៊ីបានដំឡើងអត្រាការប្រាក់កាលពីខែមុនក្នុងកិច្ចប្រឹងប្រែងរក្សាស្ថិរភាពប្រាក់រូពៀ ហើយលោករំពឹងថានិន្នាការនេះនឹងបន្ត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក Warjiyo ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ការសម្រេចចិត្តរបស់យើងក្នុងការដំឡើងអត្រាការប្រាក់និងអត្រាកាន់តែខ្ពស់សម្រាប់មូលបត្រជារូបិយប័ណ្ណរូពៀបានបង្កើនទំនុកចិត្តទីផ្សារ និងភាពជឿជាក់របស់វិនិយោគិន ដូច្នេះបានទាក់ទាញលំហូរទុនកាន់តែច្រើនចូលទៅក្នុងប្រទេសឥណ្ឌូនេស៊ី»។
លោកបានបន្ថែមថា លំហូរចូលមូលធនសរុបទៅក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនដល់ជាង ២០ពាន់ពាន់លានរូពៀ (១,២៥ពាន់លានដុល្លារ) រហូតមកដល់ពេលនេះគិតត្រឹមខែឧសភា។ ទេសាភិបាលរូបនេះក៏បានឱ្យដឹងផងដែរថា ធនាគារកណ្តាលឥណ្ឌូណេស៊ីនឹងបន្តធ្វើការងារលើការពង្រឹងរូបិយប័ណ្ណឱ្យមានតម្លៃក្រោម ១៦ ០០០រូពៀក្នុងមួយដុល្លារ។
ប្រាក់រូពៀកាលពីខែមុនបានធ្លាក់ចុះមកត្រឹម ១៦ ២៨៥រូពៀក្នុងមួយដុល្លារ ដែលជាតម្លៃទាបបំផុតគិតចាប់តាំងពីពេលមានជំងឺរាតត្បាតកូវីដ-១៩ ដោយសារការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា និងការពន្យារពេលការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិកបានជំរុញឱ្យមានលំហូរចេញមូលធនពីប្រទេសដែលមានសេដ្ឋកិច្ចកំពុងស្ទុះងើបខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕