(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ពោលគឺនៅសល់ប្រមាណ ៣សប្តាហ៍ទៀតប៉ុណ្ណោះ រដ្ឋបាលសារពើពន្ធ នឹងចាប់ផ្តើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤។ នេះបើយោងតាមព្រឹត្ដិបត្រព័ត៌មានប្រចាំសប្ដាហ៍ របស់អគ្គនាយកដ្ឋានពន្ធដារ។
ពន្ធលើមធ្យោបាយដឹកជញ្ចូន ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវអនុវត្តចំពោះមធ្យោបាយដឹកជញ្ជូន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងផ្លូវគោក និងផ្លូវទឹក ដូចជា៖ កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ឺមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលជាដើម។
ដើម្បីអាចយល់ដឹងពីប្រាក់ពន្ធ ត្រូវបង់តាមប្រភេទមធ្យោបាយដឹកជញ្ជួននីមួយៗ លោកអ្នកអាចទាញយកកម្មវិធីទូរស័ព្ទសម្រាប់គណនាពន្ធ លើមធ្យោបាយដឹកជញ្ជូន (GDT Means of Transportation Tax Calculation) ដោយឥតគិតថ្លៃពី App Store សម្រាប់ប្រព័ន្ធ iOS និង Play Store សម្រាប់ប្រព័ន្ធ Android ដោយលោកអ្នកត្រូវជ្រើសរើស ឲ្យបានត្រឹមត្រូវនូវប្រភេទយានយន្តរបស់ខ្លួន រួចបញ្ចូលនូវព័ត៌មាន
មួយចំនួន ដែលអាចពិនិត្យលើប័ណ្ណសម្គាល់យានយន្ត ឬវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត រួមមាន៖
* ផ្លូវគោក៖ ត្រូវបញ្ចូលនូវព័ត៌មានអំពីឆ្នាំផលិត ទំហំស៊ីឡាំង ឬទម្ងន់សរុប ដោយឡែកមធ្យោបាយដឹកជញ្ជូនកែច្នៃត្រូវបានកំណត់ទឹកប្រាក់ពន្ធ តាមប្រភេទយានយន្តកែច្នៃនោះ
* ផ្លូវទឹក៖ ត្រូវបញ្ចូលនូវព័ត៌មានអំពីកម្លាំងសេះ ឬទម្ងន់សរុប ឬប្រវែងបណ្តោយនៃជលយាន្ត។
ចំពោះយានយន្តដែលជាកម្មវត្ថុនៃពន្ធលើមធ្យោបាយដឹកជញ្ជួន អាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបាននៅតាមបណ្ដាសាខាពន្ធដារ ខេត្ត-ខណ្ឌ ឬនៅធនាគារពាណិជ្ជជាដៃគូ របស់អគ្គនាយកដ្ឋានពន្ធដារដែលមានសាខានៅទូទាំងប្រទេស ឬបង់ពន្ធតាមកម្មវិធីទូរស័ព្ទដៃ អ្នកជាប់ពន្ធ (GDT Taxpayer App)។
យានយន្តថ្មី ដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការនិងដឹកជញ្ជូន (មិនធ្លាប់បង់ពន្ធ) ដើម្បីបង់ពន្ធតាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ត្រូវជ្រើសរើសមុខងារ បន្ថែមយានយន្តថ្មី រួចបញ្ចូលទិន្ន័យមួយចំនួន ក្នុងប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) និងបញ្ចូលរូបថតឯកសារសំខាន់ៗ ចំនួន ៣ រួមមាន៖
* ប័ណ្ណសម្គាល់យានយន្ត
* អត្តសញ្ញាណប័ណ្ណម្ចាស់យានយន្ត
* វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)៕