(ភ្នំពេញ)៖ ចំនួននៃការស្នើសុំឥណទាន លក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូច បានកើនឡើងក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៤នេះ ៣.៨៧% បើប្រៀបធៀបនឹងត្រីមាសមុន ខណៈឥណទានសងយឺតលើសពី ៣០ថ្ងៃ បានកើនឡើងតិចតួច ពោលគឺកើនពី ៦.៥៩% ក្នុងត្រីមាសទីបួន ឆ្នាំ២០២៣ មក ៧.៧៦%នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ។
នេះបើយោងតាមរបាយការណ៍ស្តីពី «របាយការណ៍សន្ទស្សន៍ឥណទានប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូច» របស់ស៊ីប៊ីស៊ី(CBC) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ។
របាយការដដែលនេះបានបញ្ជាក់ថា សមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូច សម្រេចបាននូវកំណើនដ៏រឹងមាំ ដោយសមតុល្យឥណទាន និងចំនួនគណនីឥណទាន មានការកើនឡើងក្នុងគ្រប់តំបន់។ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គល ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានការកើនឡើងក្នុងត្រីមាសទីមួយ បើប្រៀបធៀបនឹងត្រីមាសមុន។
ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គ លប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចកើនឡើងជារួម ៣.៨៧%។ ចំនួននៃពាក្យស្នើសុំកម្ចីប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូចកើនឡើងចំនួន ៤% ប្រៀបធៀបនឹងត្រីមាសមុន។ ពាក្យស្នើសុំកម្ចីកសិកម្ម មានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន ៩% ពាក្យស្នើសុំកម្ចីសំណង់មានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន២% និងពាក្យស្នើសុំកម្ចីផ្សេងៗធ្លាក់ចុះចំនួន១២%។
គិតត្រឹមខែមីនា ឆ្នាំ២០២៤ ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូចមានការថយចុះចំនួន១.៥៥% ប្រៀបនឹងកាលពីត្រីមាសមុន ដែលធ្វើឱ្យចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១.៨៩ លានគណនី។ ក្នុងចំណោមចំនួននេះ ៥៤% ជាឥណទានមូលធន ចំណែកកម្ចីសំណង់មានត្រឹមតែ១% កម្ចីកសិកម្ម ៣២%% កម្ចីទិញទ្រព្យសកម្មមាន ៦% និងកម្ចីប្រភេទផ្សេងៗមាន ៧%។ ការថយចុះនេះត្រូវបានគេមើលឃើញ នៅក្នុងគ្រប់តំបន់នៃកម្ពុជា ក្នុងនោះនៅតំបន់ខ្ពង់រាប នៅតំបន់ឆ្នេរ និងទន្លេសាប ថយចុះ ២% និង នៅតំបន់ទំនាបថយចុះ១%។
អនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) បាន គឺកើនឡើងបន្តិចគឺកើនពី ៦.៥៩% ក្នុងត្រីមាសទីបួន ឆ្នាំ២០២៣ មក៧.៧៦% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ។ ក្នុងចំណោមផលិតផលទាំងប្រាំនោះ ផលិតផលដែលមាន អនុបាត ៣០+DPD ខ្ពស់បំផុតគឺ ឥណទានសំណង់ជាមួយនឹង អនុបាតចំនួន ១៩,៧%។ ការកើនឡើងដែលច្រើនជាងគេ នៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី ៣០ថ្ងៃគឺនៅ តំបន់ឆ្នេរ កើនឡើង១១% ,ទន្លេសាប កើនឡើង៨% និងតំបន់ខ្ពង់រាប និងទំនាប កើនឡើង៧%។
ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ន នៅតែមានគឺ ៥៣%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន ដែលមានកម្ចីច្រើនស្ថាប័ន នៅតែមានកម្រិតទាបដដែលត្រឹម ៣៧.៨%។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីបានមានប្រសាសន៍ថា «តម្រូវការពាក្យស្នើសុំឥណទានបុគ្គល ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការកើនឡើង ប៉ុន្តែសមិទ្ធផលឥណទាន លក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចអវិជ្ជាមាន ជាមួយនឹងចំនួនគណនីថយចុះ១.៥៥% ចំណែកឯសមតុល្យកម្ចីក្នុងត្រីមាសទីមួយនេះ បើប្រៀបធៀបនឹងត្រីមាសមុនកើនឡើង ១,៣៦%»។
លោកបានបន្ថែមទៀតថា គុណភាពឥណទានមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងនៃអនុបាតនៃគណនីប្រាក់កម្ចី ជាមួយនឹងការសងយឺត ៣០ថ្ងៃហួសកាលបរិច្ឆេទកំណត់ពី៦.៥៩% ក្នុងត្រីមាសទីបួនក្នុងឆ្នាំ២០២៣ មក ៧.៧៦% ក្នុងត្រីមាសនេះ៕