(ភ្នំពេញ)៖ លោកបណ្ឌិត លី គួឈីង (Li Kouqing) នាយកការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចតំបន់អាស៊ានបូកបី បានថ្លែងសរសើរកម្ពុជាដែលបន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ពីកែលម្អស្ថានភាពហិរញ្ញវត្ថុសាធារណៈឱ្យមានចីរភាព មានភាពរឹងមាំ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់ បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈម និងហានិភ័យជាច្រើនក៏ដោយ។
ការថ្លែងរបស់ លោកបណ្ឌិត លី គួឈីង ធ្វើឡើងក្នុងឱកាសដែលោក និងសហការីនៃក្រុមបេសកកម្មនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចតំបន់អាស៊ានបូកបី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៩ ខែ ឧសភា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នាឱកាសនោះ លោកបណ្ឌិត លី គួឈីង បានថ្លែងអំណរគុណចំពោះការសហការរបស់កម្ពុជា និងបានថ្លែងនូវការកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ច ត្រូវបានប៉ាន់ស្មានថាមានអត្រាក្នុងរង្វង់៥% ដែលកំណើនល្អប្រសើរ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់ បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈម និងហានិភ័យជាច្រើនក៏ដោយ។
សម្រាប់ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជា នៅបន្តរក្សាបានចលនការកំណើនល្អ ដោយការរំពឹងទុកភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចសកល និងតំបន់ ដែលនឹងបន្តគាំទ្រដល់វិស័យបម្រើដល់ការចេញ ជាពិសេស វិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈវិស័យទេសចរណ៍នឹងនៅតែបន្តនិន្នាការកើនឡើង ។
លោកបណ្ឌិត បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចល្អនៅក្នុងឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ បានចូលរួមចំណែកយ៉ាងសំខាន់ពីកែលម្អស្ថានភាពហិរញ្ញវត្ថុសាធារណៈឱ្យមានចីរភាព មានភាពរឹងមាំ និងបង្កើនលម្ហ សម្រាប់ការធ្វើអន្តរាគមន៍ចាំបាច់នានា ខណៈស្ថានភាពវិស័យខាងក្រៅ (External Position) ក៏មានភាពប្រសើរឡើងវិញ។ និន្នាការនេះនឹងបន្តធ្វើឱ្យកម្ពុជាអាចសម្រេចបានកំណើនកាន់តែប្រសើរសម្រាប់ឆ្នាំ២០២៥ និងរយៈពេលមធ្យមទៅមុខ ។
ទោះជាយ៉ាងនេះក្តី, លោកបណ្ឌិតបានកត់សម្គាល់ទៅលើភាពមិនប្រាកដប្រជា និងហានិភ័យចម្បងៗមួយចំនួន, ទាំងក្នុង និងក្រៅប្រទេស, ដែលកម្ពុជាត្រូវយកចិត្តទុកដាក់បានតាមដាន និងដាក់ចេញជាវិធានការត្រៀមខ្លួននានា ជាពិសេស ការកសាងទ្រនាប់ថវិកាឡើងវិញ ដើម្បីភាពធន់នៃហិរញ្ញវត្ថុសាធារណៈ ការធានាឱ្យបាននូវស្ថិរភាពវិស័យហិរញ្ញវត្ថុ, ការពង្រឹងការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីបង្កើនពិពិធកម្ម និងពង្រឹងភាពប្រកួតប្រជែង ក្នុងខណៈកម្ពុជានឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ។
ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានលើកឡើងអំពីការប្តេជ្ញាក្នុងការបន្តកិច្ចសហការស្អិតល្មួត ព្រមទាំងការបន្តពង្រឹងការអនុវត្តគំនិតផ្តួចផ្តើមនានារបស់ AMRO ក្នុងការចូលរួមកសាងសមត្ថភាពរបស់មន្ត្រីបច្ចេកទេសកម្ពុជា ជាពិសេស តាមរយៈកម្មវិធីបញ្ជូនមន្ត្រីបម្រើការងារនៅ AMRO (Secondment Program) ជាដើម ។
ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងារ AMRO អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកអំពីសារៈសំខាន់នៃបេសកកម្មប្រចាំឆ្នាំរបស់ AMRO ក្នុងការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដោយផ្តល់នូវអនុសាសន៍គោលនយោបាយល្អៗសម្រាប់រាជរដ្ឋាភិបាលពិចារណា ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីនិន្នាការនៃការយល់ឃើញស្របគ្នា អំពីការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសកល, តំបន់ និងនៅកម្ពុជា ជាពិសេស ក្នុងស្ថានភាពដែលមិនទាន់វិលត្រលប់ទៅរកប្រក្រតីភាពទាំងស្រុង រួមជាមួយនឹងហានិភ័យ និងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ។ សេដ្ឋកិច្ចកម្ពុជានឹងបន្ដរក្សាកំណើនល្អ បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយសារការបន្តអនុវត្តប្រកបដោយឆន្ទះនយោបាយខ្ពស់នូវក្របខណ្ឌគោលនយោបាយនានាដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេស «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១» ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ។
អគ្គបណ្ឌិតសភាចារ្យ ក៏បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ AMRO ដែលចុះបំពេញបេសកកម្មវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈ បានផ្តល់នូវអនុសាសន៍ល្អៗសម្រាប់ជាធាតុចូលដល់ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់នានា និងផ្ដល់ជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាពសម្រាប់មន្រ្តីរបស់កម្ពុជា និង បានជូនពរក្រុមការងារបេសកកម្មឱ្យទទួលបានជោគជ័យ និងផ្លែផ្កា ក្នុងការបំពេញបេសកកម្មការងារក្នុងឆ្នាំ ២០២៤ នេះ និងរំពឹងថានឹងទទួលបានធាតុចូលល្អៗពីលទ្ធផលនៃកិច្ចពិភាក្សារបស់ក្រុមការងារ លើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ច, ហិរញ្ញវត្ថុ និងហិរញ្ញវត្ថុសា-ធារណៈរបស់កម្ពុជា៕