(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា រយៈពេល៣ឆ្នាំទៅមុខទៀត ពោលនៅក្នុងឆ្នាំ២០២៧ ទើបវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា អាចនឹងងើបឡើងវិញ ១០០ភាគរយ ដូចទៅនឹងឆ្នាំ២០១៩។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃវិស័យអាកាសចរណ៍លើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា «សម្រាប់ប្រទេសកម្ពុជា ពីមុនធ្លាប់ធ្វើការព្យាករណ៍ និងធ្វើការសន្និដ្ឋានថា ការងើបឡើងវិញ បន្ទាប់ពីកូវីដ ១០០ភាគរយ គឺនៅក្នុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ប៉ុន្ដែបន្ទាប់ពីធ្វើការពិនិត្យឡើងវិញ ដោយសារមានវិបត្ដិផ្សេងៗ កើតឡើងផ្ទួនគ្នាៗ នៅក្នុងពិភពលោក គឺមិនដូចការរំពឹងទុកទេ, តាមការព្យាករណ៍ថ្មី របស់សមាគមដឹកជញ្ជូនអន្ដរជាតិ កំណើនប្រទេសកម្ពុជា នឹងងើបឡើងវិញ ស្មើឆ្នាំ២០១៩ នៅក្នុងឆ្នាំ២០២៧»។
លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា សព្វថ្ងៃនេះ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា មានការងើបឡើងវិញ ចំនួនប្រមាណ៦៣ភាគរយ នៅក្នុងឆ្នាំ២០២៤ ដូច្នេះទាន់តែដល់ឆ្នាំ២០២៧ ទើបវិស័យដឹកជញ្ជូនតាមអាកាសនៅកម្ពុជា ងើបឡើងវិញបាន១០០ភាគរយ ស្មើនឹងឆ្នាំ២០១៩។
សូមជម្រាបថា កាលពីឆ្នាំ២០១៩ ចំនួនអ្នកដំណើរ ដែលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា មានចំនួន ១១ ៦៣៤ ៩៥៣នាក់។ ខណៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរបាន ៦.០២លាននាក់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលអ្នកដំណើរបាន ៣.៩២លាននាក់។
ពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានទទួល ៧៧,១៨១តោន នៅឆ្នាំ២០១៩ ហើយទំហំនេះ កើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ៕