(ភ្នំពេញ)៖ ម្រេចកម្ពុជា ត្រូវបាននាំចេញទៅទីផ្សារចិនជាលើកដំបូង ក្នុងបរិមាណ៣០តោន បន្ទាប់ពីចិនបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការ នៅខែឧសភា ឆ្នាំ២០២៣ ពោលរយៈពេល១ឆ្នាំ ទើបកម្ពុជាអាចនាំចេញម្រេចទៅចិនជាលើកដំបូងបាន។

យ៉ាងណាកសិករ និងក្រុមហ៊ុននាំចេញបារម្ភថា ការនាំចេញម្រេចនៅឆ្នាំនេះ អាចនឹងមានបញ្ហាដោយសារអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យទិន្នផលម្រេចធ្លាក់ចុះ ៦០%។

ម្រេចខ្មៅចំនួន ៣០តោន ​ត្រូវបាននាំចេញដោយក្រុមហ៊ុន Sela Pepper ​ដែលបានទៅដល់ទីក្រុង Qingdao ស្ថិតនៅក្នុងខេត្ត Shandong នៅភាគខាងកើតនៃប្រទេសចិន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។

​ចិនបានអនុញ្ញាតឱ្យកម្ពុជានាំចេញម្រេចដោយផ្ទាល់ទៅកាន់ទីផ្សារចិន កាលពីខែឧសភា ឆ្នាំ២០២៣ ក្រោយបានពីកម្ពុជាបានបំពេញគ្រប់នីតិវិធី។ ​​ទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ត្រូវបានចុះបញ្ជី និងទទួលបាន ការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។

អ្នកស្រី Anna Cai នាយកក្រុមហ៊ុន Sela Pepper បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ចិនគឺជាទីផ្សារធំ ​ហើយនាំចេញម្រេចជាលើកដំបូងទៅទីផ្សារនេះ នឹងធ្វើឱ្យប្រជាជននៅប្រទេសចិន បានស្គាល់ពីរសជាតិម្រេចកម្ពុជា។ ជាមួយគ្នានេះ ការនាំចេញម្រេចទៅកាន់ទីផ្សារចិននេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយ ពីផលិតផលម្រេចកម្ពុជាទៅកាន់បណ្តាប្រទេសផ្សេងៗទៀតផងដែរ។

លោកស្រីថា ​បន្ទាប់ពីមានការផ្សព្វផ្សាយ មានភ្ញៀវចិនមួយចំនួនបាន​ទាក់ទងមកក្រុមហ៊ុន ដើម្បីចុះទស្សនកិច្ច និងចាប់ដៃគូរដើម្បីនាំចេញបន្ថែមផងដែរ។

តែយ៉ាងណាមិញលោកស្រីបារម្ភថា អាកាសធាតុក្តៅខ្លាំងនៅឆ្នាំនេះ ​ធ្វើឱ្យទិន្ន​ផលម្រេច​ថយចុះយ៉ាងខ្លាំង ​ដែលវាក៏ជះឥទ្ធិពលដល់ការនាំចេញផងដែរ។

លោកស្រីបានឱ្យដឹងថា ការប្រមូលផលម្រេច​របស់កសិករបានទិន្នផលតិចណាស់ ដោយសារអាកាសធាតុក្តៅ បានធ្វើឱ្យដើមម្រេចងាប់។ ជាក់ស្តែងរាល់ឆ្នាំ ក្នុងមួយហិកតា កសិករអាចប្រមូលផលបានប្រមាណ៣តោន ប៉ុន្តែឆ្នាំនេះ បានត្រឹមតែកន្លះតោន ឬតិចជាងនេះតែប៉ុណ្ណោះ។

លោកស្រីបន្ថែមថា «វាខុសគ្នាច្រើនមែនទែនទាក់ទងនឹងការប្រមូល បើប្រៀបធៀបជាមួយនឹងពីឆ្នាំមុនៗ ។ ប៉ុន្តែយ៉ាងណាយើងនឹងព្យាយាមសហការជាមួយកសិករ ដើម្បីផ្តល់នូវតម្រូវការទីផ្សារ»។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Sela Pepper បាននាំចេញម្រេចទៅកាន់ទីផ្សារមួយចំនួនដូចជា ប្រទេសជប៉ុន កូរ៉េ អាល្លឺម៉ង អូលែន ម៉ាលី និងថៃជាដើម។

​លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត ​បានបង្ហាញភាពរីករាយដែលម្រេចកម្ពុជា ត្រូវបានពង្រីកទីផ្សារបន្ថែមទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំមួយ ដែលធ្វើឱ្យម្រេចធម្មតា និងម្រេចកំពតកាន់តែមានទីផ្សារល្អ ជួយដល់កសិករ។ ប៉ុន្តែ​ស្របពេលដែលទីផ្សារម្រេចល្អជាងមុន ​ឆ្នាំនេះកសិករបែរជាជួបបញ្ហា ព្រោះតែអាកាសធាតុក្តៅខ្លាំង បានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលម្រេចទៅវិញ។

លោកបានលើកឡើងថា «ភ្លៀងបានរាំងតាំងពីខែវិច្ឆិកា មកដល់ខែឧសភានេះ ដែលធ្វើឱ្យម្រេចខ្លះជ្រុះផ្កា ហើយដើមម្រេចខ្លះបានងាប់។ ​ទិន្នផលបានបាត់ច្រើនណាស់បើយើងប្រៀបធៀបនឹងឆ្នាំ២០២១​ ២០២២ និង២០២៣ ដែលយើងព្យាករណ៍បាត់ជុំវិញពី៦០ ទៅ៧០%។ជាក់ស្តែងខ្ញុំបានធ្លាប់បេះ បានប្រមាណពី ៩តោនទៅ១០តោន តែឆ្នាំនេះ យើងរកតែ៥០០គីឡូមិនបានផង»

លោកលើកឡើងថា ការថយចុះនៃទិន្នផលម្រេចឆ្នាំនេះ នឹងធ្វើឱ្យកម្ពុជាមិនអាចផ្គត់ផ្គង់ទីផ្សារនាំចេញបានគ្រប់គ្រាន់ ខណៈរៀងរាល់ឆ្នាំ ​ម្រេចកំពតបាននាំចេញ ក្នុងរង្វង់ជាងមួយរយតោន ប៉ុន្តែឆ្នាំនេះ ​ការប្រមូលផលអាចបានត្រឹមតែ៥០តោនប៉ុណ្ណោះ​៕