(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុន HERITAGE Group និងជាអ្នកជំនួញដ៏ល្បីក្នុងវិស័យស្រូវអង្ករ បានលើកឡើងថា មិនមែនរាល់ឱកាសទាំងអស់ មិនមែនសុទ្ធតែអាចចាប់បានទាំងអស់នោះទេ ប៉ុន្តែត្រូវមើលថា តើឱកាសនោះស័ក្តិសមជាមួយយើងដែរ ឬអត់ បើមិនដូច្នេះទេ វាអាចនឹងផ្តល់នូវបរាជ័យក្នុងការប្រកបរបររកស៊ី ឬការធ្វើធុរកិច្ច។
ឧកញ៉ា ចាន់ សុឃាំង លើកឡើងបែបនេះ ធ្វើឡើងកិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍ការអភិវឌ្ឍជំនួញរបស់ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុន HERITAGE Group» របស់បណ្តាញព័ត៌មាន Fresh News។
លោកបានពន្យល់ថា «យើងមិនមែនគិតថា រាល់ឱកាសទាំងអស់ សុទ្ធតែយើងអាចចាប់បាន ទទួលយកបានទាំងអស់គ្នាទេ យើងត្រូវមើលថាតើឱកាសទាំងអស់នោះ ស័ក្តិសមជាមួយយើងដែរ ឬអត់? ឧទាហរណ៍ថា ឱកាសនៅក្នុងវិស័យផ្សព្វផ្សាយ ក៏ប៉ុន្តែយើងវាមិនមានទេពកោសល្យនៅ ក្នុងការធ្វើការផ្សព្វផ្សាយ អ៊ីចឹងយើងហក់ចូលទៅ កត្តាដែលអាចធ្វើឱ្យយើងជោគជ័យ គឺមានតិច ហេតុនេះការលំបាកច្រើនយើងនឹងប្រឈម។»
ដើម្បីទទួលបានជោគជ័យ លើការធ្វើជំនួញអ្វីមួយ គួរសម្លឹងមើលឱកាសណា ដែលនៅក្បែរខ្លួន ហើយសក្កសមនឹងសមត្ថភាព ឬសក្តានុពលរបស់ខ្លូន ដែលអាចសម្រចបាន។ ហើយជាមួយគ្នានេះ លោកលើកទឹកចិត្តដល់អ្នកដែលចង់ធ្វើអ្វីមួយ ឬចាប់ផ្តើមមុខជំនួញណាមួយ ត្រូវផ្តោតលើការងារនោះ កុំធ្វើតិចតួច ហើយចង់បានផល ព្រោះនៅក្នុងការធ្វើធុរកិច្ចមិនមែនងាយស្រួលនោះឡើយ។
លោកបានលើកឡើងផងដែរថា បើសិនជាយើងចង់បានលឿនពេក មិនត្រឹមតែម្ចាស់អាជីវកម្មទេ ដែលទទួលបាននូវសម្ពាធ សូម្បីតែបុគ្គលិកថ្នាក់ក្រោមក៏ទទួលសម្ពាធនោះគ្នាដែរ៕
សូមស្តាប់ការពន្យល់របស់ឧកញ៉ា ចាន់ សុឃាំង៖