(ហាណូយ)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាមកំពុងប្រមូលរថយន្តអគ្គិសនីសរុបជាង ២ ០៩៧គ្រឿងដើម្បីជួសជុលបញ្ហាបច្ចេកទេសមួយចំនួន។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។
កាសែត VN Express បានរាយការណ៍ថា រថយន្តម៉ូដែល VF e34 និង VF 5 Plus មួយចំនួនដែលផលិតនៅចន្លោះខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤ ប្រឈមនឹងភាពធូរលុងនៃប៊ូឡុងនៅគម្របលើអាគុយដែលនាំឱ្យមានការថយចុះសក្តានុពលភាពធន់ចំពោះការខូចខាតដោយសារទឹក។ បញ្ហានេះប៉ះពាល់ដល់រថយន្ត VF e34 ចំនួន ២៣គ្រឿងនិងរថយន្ត VF 5 Plus ចំនួន ១៣១គ្រឿង។
ក្រុមហ៊ុន VinFast នឹងត្រួតពិនិត្យនិងរឹតបន្តឹងប៊ូឡុងទាំងនោះ ហើយប្តូរអាគុយវ៉ុលខ្ពស់ប្រសិនបើចាំបាច់។
បើយោងតាមកាសែត VN Express រថយន្តម៉ូដែល VF 6 Plus ដែលផលិតនៅចន្លោះថ្ងៃទី១៨ ខែមីនាដល់ថ្ងៃទី៩ ខែមេសា ឆ្នាំនេះ ក៏មានបញ្ហាផងដែរ ដែលបញ្ហានោះអាចបណ្តាលឱ្យឧបករណ៍ភ្ជាប់បំពង់បង្ហូរប្រេងហ្វ្រាំងប្រេះ ដែលនាំឱ្យលេចធ្លាយប្រេងហ្វ្រាំង។
ប្រសិនបើប្រេងហ្វ្រាំងធ្លាក់ចុះក្រោមកម្រិតអប្បបរមា សារព្រមាននឹងបង្ហាញនៅលើអេក្រង់គ្រប់គ្រងរថយន្ត ហើយប្រសិទ្ធភាពរបស់ប្រព័ន្ធហ្វ្រាំងនឹងត្រូវបានកាត់បន្ថយ។ ចំណែកយានយន្តដែលអាចប៉ះពាល់ដោយសារបញ្ហានេះមានចំនួន ៤៧ គ្រឿង។ ក្រុមហ៊ុន VinFast នឹងត្រួតពិនិត្យនិងប្តូរបំពង់បង្ហូរប្រេងហ្វ្រាំងនេះនៅក្នុងរថយន្តដែលរងផលប៉ះពាល់ដោយមិនគិតថ្លៃ។
រថយន្ត VF 8 និង VF 9 (Eco and Plus) ដែលផលិតនៅចន្លោះខែសីហា ឆ្នាំ២០២២ និងខែមីនា ឆ្នាំ២០២៤ មានបញ្ហាពោងសុវត្ថិភាពដែលដំឡើងមិនត្រឹមត្រូវ។ បន្ទាប់ពីប្រើប្រាស់បានប្រហែល ១ម៉ឺនគីឡូម៉ែត្រ សារព្រមានអំពីពោងសុវត្ថិភាពនិងសំណើត្រួតពិនិត្យអាចនឹងលេចឡើងនៅលើអេក្រង់។
ប្រសិនបើពោងសុវត្ថិភាពមិនមែនជាប្រភេទពោងត្រឹមត្រូវ ពោងទាំងនោះអាចមិនផ្ទុះក្នុងករណីមានការប៉ះទង្គិចធ្ងន់ធ្ងរនៅក្រោមលក្ខខណ្ឌជាក់លាក់ណាមួយ។
សរុបទាំងអស់ រថយន្ត VF 8 Eco និងរថយន្ត VF 8 Plus ចំនួន ១ ១៣៤គ្រឿង និងរថយន្ត VF 9 Eco និងរថយន្ត VF 9 Plus ចំនួន ៧៦២គ្រឿងកំពុងត្រូវបានប្រមូលយកទៅជួសជុលវិញ។
ក្រុមហ៊ុន VinFast បានរាយការណ៍ពីបញ្ហាទាំងនេះទៅកាន់ក្រុមហ៊ុន Vietnam Register ហើយនឹងជូនដំណឹងជាលក្ខណៈបុគ្គលដល់ម្ចាស់យានយន្ត ដោយសុំឱ្យពួកគេនាំយកយានយន្តរបស់ពួកគេទៅកាន់មជ្ឈមណ្ឌលសេវាកម្មដែលមានការអនុញ្ញាត។ នេះបើយោងតាមកាសែត VN Express៕