(បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសថៃគ្រោងនឹងចាត់វិធានការជំរុញសេដ្ឋកិច្ចក្នុងរយៈពេលខ្លី ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដែលត្រូវបានរំពឹងថានឹងកើនឡើងត្រឹមតែ ២,៥ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សេដ្ឋកិច្ចធំទីពីរនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានមានកម្រិតទាបជាងប្រទេសក្នុងតំបន់ដោយមានកំណើនត្រឹមតែ ១,៥ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយធ្លាក់ចុះពីកំណើន ១,៧ភាគរយនៅក្នុងត្រីមាស៤ ឆ្នាំ២០២៣។ កាលពីឆ្នាំមុន សេដ្ឋកិច្ចថៃមានកំណើន ១,៩ភាគរយ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Pichai Chunhavajira ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងប្រាប់សន្និសីទខ្លីមួយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចដើម្បីស្វែងរកមធ្យោបាយស្តារកំណើនសេដ្ឋកិច្ចឡើងវិញថា សេដ្ឋកិច្ចមានសក្ដានុពលកើនឡើងយ៉ាងហោចណាស់ ៣,៥ភាគរយក្នុងមួយឆ្នាំ។
លោកបានមានប្រសាសន៍ថា៖ «យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន។ ខ្ញុំមិនពេញចិត្តនឹងកំណើន ២,៥ភាគរយទេ»។
ក្រុមមន្ត្រីថៃបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននេះថា វិធានការជំរុញសេដ្ឋកិច្ចទាំងនេះនឹងរួមមានទាំងការផ្តល់លទ្ធភាពទទួលបានឥណទានសម្រាប់អាជីវកម្មខ្នាតតូច វិធានការផ្នែកពន្ធ និងការពន្លឿនការចំណាយរបស់រដ្ឋាភិបាល។
លោក Pichai បាននិយាយថា លោកនឹងជួបជាមួយប្រធានធនាគារកណ្តាលថៃដើម្បីពិនិត្យមើលឡើងវិញនូវគោលដៅអតិផរណាពី ១ ទៅ ៣ ភាគរយ ដែលនឹងនាំឱ្យឈានទៅរកការកំណត់អត្រាការប្រាក់សមរម្យ។ អតិផរណាប្រចាំឆ្នាំរបស់ប្រទេសថៃស្ថិតនៅក្រោមកម្រោតទិសៅនេះរយៈពេលមួយឆ្នាំមកហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕