(សៀងហៃ)៖ ទីក្រុងសៀងហៃបានបន្ធូរបន្ថយវិធានស្តីពីការទិញអចលនទ្រព្យ ខណៈដែលរដ្ឋាភិបាលថ្នាក់មូលដ្ឋាននៅទូទាំងប្រទេសចិនមានគោលបំណងសម្រាលវិបត្តិអចលនទ្រព្យដ៏តានតឹងដែលកំពុងដាក់បន្ទុកមកលើសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីក្រុងជាច្រើនក្នុងប្រទេសចិនបានដាក់កំហិតនិងលក្ខខណ្ឌតម្រូវឥណទានតឹងរ៉ឹងលើការទិញផ្ទះក្នុងរយៈពេលមួយទសវត្សរ៍មុនក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយតម្លៃអចលនទ្រព្យនិងការកេងចំណេញតម្លៃ។
ប៉ុន្តែឥឡូវនេះទីក្រុងទាំងនោះកំពុងផ្លាស់ប្តូរគោលនយោបាយទាំងនោះវិញក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ចដែលបង្កឡើងដោយវិបត្តិបំណុលក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ តម្រូវការទាប និងតម្លៃធ្លាក់ចុះ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នៅថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងសៀងហៃដែលជាទីក្រុងអ្នកមាននិងធំបំផុតរបស់ប្រទេសចិន បានឱ្យដឹងថា ខ្លួននឹងកាត់បន្ថយចំនួនឆ្នាំដែលតម្រូវឱ្យអ្នកទិញរស់នៅក្នុងទីក្រុងនេះមុនពេលពួកគេអាចត្រូវបានអនុញ្ញាតឱ្យទិញអចលនទ្រព្យបាន។ ឥឡូវនេះ អ្នកទិញអចលនទ្រព្យត្រឹមតែរស់នៅក្នុងទីក្រុងរយៈបីឆ្នាំប៉ុណ្ណោះដែលកាត់បន្ថយពីរយៈពេល ៥ឆ្នាំ។
ទីក្រុងស៊ាងហៃក៏បានឱ្យដឹងផងដែរថា ខ្លួននឹងកាត់បន្ថយទំហំទឹកប្រាក់បង់មុនអប្បបរមា (minimum down payment) សម្រាប់កម្ចីទិញផ្ទះមកនៅត្រឹម ២០ភាគរយ និងអនុញ្ញាតឱ្យគ្រួសារដែលមានកូនចាប់ពី ២នាក់ឡើងទៅទិញផ្ទះបន្ថែមបាន។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្តូរវិធានស្រដៀងគ្នានេះដែរនៅក្នុងទីក្រុងធំៗរបស់ប្រទេសចិនដូចជាទីក្រុងហាងចូវ និងទីក្រុងស៊ីអាន នៅក្នុងខែនេះ ដោយទីក្រុងទាំងនោះបានបន្ធូរបន្ថយវិធានការរឹតបន្តឹងការទិញផ្ទះសម្រាប់អ្នកទិញផ្ទះដំបូង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕