(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Shunichi Suzuki បាននិយាយកាលពីថ្ងៃអង្គារថា លោកមានការព្រួយបារម្ភកាន់តែខ្លាំងអំពីទិដ្ឋភាពអវិជ្ជមាននៃការធ្លាក់ថ្លៃនាពេលបច្ចុប្បន្នរបស់ប្រាក់យ៉េនដោយបានរំលឹកឡើងវិញនូវការព្រមានរបស់រដ្ឋាភិបាលជប៉ុនចំពោះការប្រែប្រួតម្លៃខ្លាំងនៃរូបិយប័ណ្ណ។
យោងតាមទីភ្នាក់ងាររ៉យទ័រ លោក Suzuki បានប្រាប់គណៈកម្មាធិការសភាថា៖ «ប្រាក់យ៉េនដែលធ្លាក់ចុះថ្លៃបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុននាំចេញ ប៉ុន្តែក៏បង្កើនបន្ទុកលើក្រុមហ៊ុន និងអ្នកប្រើប្រាស់ផងដែរ ព្រោះវាជំរុញឱ្យតម្លៃនាំចូលកើនឡើង»។
លោកមានប្រសាសន៍ថា៖ «ដោយសារតែគោលដៅគោលនយោបាយរបស់យើងគឺត្រូវសម្រេចឱ្យបាននូវការដំឡើងប្រាក់ឈ្នួលឱ្យខ្ពស់ជាងកំណើនតម្លៃទំនិញប្រើប្រាស់ យើងមានការព្រួយបារម្ភបន្ថែមទៀតអំពីផលប៉ះពាល់អវិជ្ជមាននៃការធ្លាក់ចុះថ្លៃរបស់ប្រាក់យ៉េននៅពេលនេះ»។
លោក Suzuki ក៏បានរំលឹកឡើងវិញថា អាជ្ញាធរជប៉ុននឹងបន្តតាមដានផលប៉ះពាល់នៃរូបិយប័ណ្ណយ៉េនទៅលើសេដ្ឋកិច្ច និងគ្រួសារ ហើយនឹងឆ្លើយតបឱ្យបានសមស្រប។
ប្រាក់យ៉េនបានធ្លាក់ចុះថ្លៃជិតកម្រិត ១៥៧យ៉េនក្នុងមួយដុល្លារ ហើយចុងក្រោយនេះ ត្រូវបានជួញដូរក្នុងតម្លៃ១៥៦,៨យ៉េនក្នុងមួយដុល្លារក្នុងការជួញដូរនៅអាស៊ីនៅថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕